(ភ្នំពេញ)៖ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កស្លាប់ និងអ្នករួមដំណើរ ៥នាក់របួស នៅចំណុចផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ គឺជនបង្កត្រូវបានតុលាការឃុំខ្លួន តាំងពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥មកម្ល៉េះ បន្ទាប់ពីកើតហេតុបាន៣ថ្ងៃ។

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត១គ្រឿងម៉ាក LEXUS NX200T ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-3393 បានបុកម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង បណ្តាលឱ្យអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កស្លាប់ និងអ្នករួមដំណើរ ចំនួន៥នាក់ទៀត រងរបួស ដែលមានជនត្រូវចោទឈ្មោះ ថូ មករា ភេទស្រី អាយុ ២៧ឆ្នាំ។

សេចក្តីប្រកាសរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមេសា បានឲ្យដឹងថា ជនបង្កឈ្មោះ ថូ មករា ត្រូវបានតុលាការចោទប្រកាន់ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃស្លាប់, របួស និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៣ មាត្រា ៨៥ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងមាត្រា ៧៧ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ ថូ មករា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់តុលាការ៖