Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ានី៖ យុវជនគឺជាអនាគតថ្នាក់ដឹកនាំ ហើយយុវជន​ក៏បានដើរតួនាទី​សំខាន់ សម្រាប់​ទំនាក់​ទំនង​អាស៊ាន-រុស្ស៊ី

03-11-2016 16:20

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកឡើងថា ស.ស.យ.ក បានបំពេញការងារយ៉ាងសកម្ម ក្នុងការកសាងទំនាក់ទំនង និងមិត្តភាពជាដៃគូ ជាមួយអង្គការយុវជននៃបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀត ក្នុងកម្រិតទ្វេភាគី តំបន់ និងអន្តរតំបន់។

លោក ហ៊ុន ម៉ានី បានបន្តថា ដោយសារយុវជនគឺជាអនាគតថ្នាក់ដឹកនាំ ដូចនេះ ការបង្កើត ការយល់ដឹងរវាងគ្នា និងគ្នា និង កាលានុវត្តភាពនៃទំនាក់ទំនងរវាងយុវជន និងដើរតួនាទីជាមូលដ្ឋានគ្រឹះ សម្រាប់គាំទ្រទំនាក់ទំនងអាស៊ាន និងរុស្ស៊ី បន្ថែមទៀត សម្រាប់ជាប្រយោជន៍ដល់ មនុស្សជំនាន់ក្រោយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំកំពូលយុវជនអាស៊ាន-រុស្ស៊ី លើកទី៤ ដែលចេញផ្សាយ ដោយក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ប្រធានស.ស.យ.ករូបនេះ បានលើកឡើងខណៈលោក បានអញ្ជើញចូលរួមចែករំលែក នៅក្នុងកិច្ចប្រជុំកំពូលយុវជនអាស៊ាន-រុស្ស៊ីលើកទី៤ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងសៀមរាប ក្រោមប្រធានបទ«យុវជនអាស៊ាន-រុស្ស៊ី៖ ការតភ្ជាប់យុវជន ឲ្យកាន់តែទូលំទូលាយ។

កិច្ចប្រជុំនេះ បានពិភាក្សាលើប្រធានបទសំខាន់ៗ ដោយផ្តោតទៅលើតួនាទីរបស់យុវជន ក្នុងការធ្វើឲ្យកាន់តែស៊ីជំរៅទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងរុស្ស៊ី ក្នុងវិស័យអប់រំ និងការលើកកំពស់ឯកភាពវប្បធម៌ក្នុងភាពចម្រុះ ជាមួយទស្សនៈ ដើម្បីបង្កើនការតភ្ជាប់របស់អាស៊ាន និងរុស្ស៊ី សម្រាប់ការតភ្ជាប់យុវជន នៃតំបន់ទាំងពីរឲ្យកាន់តែទូលំទូលាយបន្ថែមទៀត៕