(ស្វាយរៀង)៖ យ៉ាងហោចណាស់កម្មករកម្មការិនីប្រមាណ ១៧នាក់ បានរងរបួសធ្ងន់ និងស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកពួកគេបើកទិសដៅស្របគ្នា ពីលិចទៅកើត ក៏បុកជាមួយរថយន្តដឹកទំនិញ នៅលើកំណាត់ផ្លូវជាតិលេខ១ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរ និងហៅរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅ វេលាម៉ោង ៦៖៣០នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៣៨/១៣៩ ស្ថិតនៅចំណុចភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
រថយន្តដឹកទំនិញម៉ាក HYUDAI 5T ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3E-2643 អ្នកបើកបរឈ្មោះ ដួង រដ្ឋា អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិពាក់បង្គោង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ តែមិនរបួសនោះទេ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីនេះបណ្ដាលឱ្យមានអ្នករងរបួសសរុប១៧នាក់ (ស្រី១៥នាក់) របួសធ្ងន់២នាក់ (ស្រី២នាក់)។ រថយន្តទាំង២គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីរង់ចាំការដោះស្រាយ និងមានចំណាត់ការបន្តទៀតតាមច្បាប់។
នគរបាលបានបញ្ជាក់ទៀតថា មូលហេតុដោយសារតែអ្នកបើកបររថយន្តដឹកកម្មករពាក់ស្លាកលេខភ្នំពេញ 3E-1047 មិនគោរពសិទ្ធិគេ (ខ្វះគម្លាតសុវត្ថិភាព)៕