(បាត់ដំបង)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ បានប្រកាសបើកជាផ្លូវការនៃ «ទិវាធានារ៉ាប់រងកម្ពុជា២០២៥» នៅខេត្តបាត់ដំបង នៅក្នុងបរិវេណសួនច្បារសម្ដេចក្រឡាហោម ស ខេង ខេត្តបាត់ដំបង ដោយមានការចូលរួមពីក្រុមហ៊ុនធានារ៉ាប់រងនានានៅកម្ពុជា និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
ពិធីនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតី លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ តំណាងរបស់អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
នាឱកាសនោះលោក រស់ សីលវ៉ា បានអញ្ជើញបើកក្នុងកម្មវិធីបើក «ទិវាធានារ៉ាប់រងកម្ពុជា២០២៥» ក្នុងគោលបំណងជួយជំរុញការយល់ដឹងការផ្សព្វផ្សាយ និងពង្រឹងប្រសិទ្ធភាពលើវិស័យធានារ៉ាប់រងឱ្យបន្តរីកចម្រើន ជាមួយនឹងការបោះជំហានទៅមុខប្រកបដោយភាពរឹងមាំ។
ទន្ទឹមនឹងនេះលោក មូល ធន អភិបាលរងខេត្តតំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា «ទិវាធានារ៉ាប់រងកម្ពុជា២០២៥» រៀបចំឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រង នៅប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន និងជួយលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍របស់សេវាធានារ៉ាប់រងឱ្យកាន់តែទូលំទូលាយដល់សាធារណជន។
លោកអភិបាលរងខេត្ត បានលើកទឹកចិត្តក្រុមហ៊ុនធានារ៉ាប់រងផ្សេងទៀត ដែលមិនទាន់មានវត្តមាននៅក្នុងខេត្តបាត់ដំបង ឱ្យបើកសាខាក្រុមហ៊ុនធានារ៉ាប់រងបន្ថែម ដើម្បីចូលរួមផ្តល់ការការពារដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវកម្មក្នុងខេត្តផងដែរ។
ជាមួយគ្នានេះលោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានឲ្យដឹងថា និយ័តករធានារ៉ាប់រងកម្ពុជា បានព្យាយាមរៀបចំទិវាធានារ៉ាប់រងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង៖
*ទី១៖ លើកកម្ពស់ការយល់ដឹង និងជំរុញការផ្សព្វផ្សាយអំពីសេវាធានារ៉ាប់រងជូនសាធារណជន
*ទី២៖ បង្ហាញពីការគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យមានពិពិធកម្មផលិតផលហិរញ្ញវត្ថុ នៅក្នុងវិស័យហិរញ្ញវត្ថុ ដូចមានចែងនៅក្នុង យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១
*ទី៣៖ បង្ហាញសាធារណជនថា វិស័យនេះជាវិស័យដ៏សំខាន់មួយ ដែលមានតួនាទីយ៉ាងសកម្ម និងចាំបាច់ក្នុងការចូលរួមចំណែកកសាងសំណាញ់សុវត្ថិភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោកបានបន្ថែមទៀតថា ទិវាធានារ៉ាប់រងឆ្នាំនេះ មានកម្មវិធីជាច្រើនដូចជា កម្មវិធីរត់កំសាន្តចម្ងាយ ៥គីឡូម៉ែត្រ ក្រោមប្រធានបទ «រត់ដើម្បីអនាគតយើង» ដើម្បីប្រមូលថវិកាសម្រាប់ឧបត្ថម្ភ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង, កម្មវិធីសប្បុរសធម៌ប្រមូលថវិកាជួយមូលនិធិគន្ធបុប្ផា, កម្មវិធីពិព័ណ៌ផលិតផលធានារ៉ាប់រង របស់គ្រឹះស្ថានធានារ៉ាប់រងនានានៅកម្ពុជា ដែលមានចំនួន ៣៥ស្តង់ និងមានកម្មវិធីកំសាន្តនានា ដូចជាការប្រគំតន្ត្រី និងល្ខោនបាសាក់ជាដើម។ លោករំពឹងថា នឹងមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យទៀតផង។
បន្ថែមពីនេះលោក រស់ សីលវ៉ា បានរំលេចថា ទោះបីស្ថានភាព នៃការងើបឡើងសេដ្ឋកិច្ចក្នុងស្រុក ស្ថិតក្នុងចលនាវិជ្ជមានតែលំបាក ខណៈដែលបរិបទសកលលោកនៅតែបន្តមានភាពមិនប្រាកដប្រជាដូចជា៖ កម្មវិបាកពីសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន សង្គ្រាមរវាងក្រុមហាម៉ាស់ប៉ាឡេស្ទីន និងអ៊ីស្រាអែល ការដាក់ចេញនូវគោលនយោបាយពន្ធថ្មីរបស់សហរដ្ឋអាម៉េរិក និងបញ្ហាភូមិសាស្រ្តនយោបាយយ៉ាងណាក៏ដោយ ក៏ទីផ្សារធានារ៉ាប់រងកម្ពុជានៅតែមានភាពធន ដោយរក្សាបាននូវកំណើនជាមធ្យមជាង ២០% ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ដោយបុព្វលាភធានារ៉ាប់រងបានកើនដល់ប្រមាណ ៣៥៧លានដុល្លារ ក្នុងឆ្នាំ២០២៤។
លោកបានបន្តថា លើសពីនេះទៅទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សេវាធានារ៉ាប់រងដែលពេលមុនមិនមានការទទួលស្គាល់ និងប្រើប្រាស់នៅកម្ពុជា ឥឡូវនេះប្រជាពលរដ្ឋបានចាប់ផ្តើមជ្រួតជ្រាប និងយល់ដឹងជាបណ្តើរៗ អំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង ដែលផ្តល់នូវការការពារបន្ទុកហិរញ្ញវត្ថុនៅពេលមានហានិភ័យកើតឡើងដល់សង្គមគ្រួសារ និងសង្គមជាតិទាំងមូល។
ជាថ្មីម្ដងទៀត លោកបានគូសបញ្ជាក់ថា លទ្ធផលទាំងនេះ កើតចេញពីកិច្ចខិត្តខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាបានភាពរឹងមាំ និងភាពធន់ នៃសេដ្ឋកិច្ច ដែលបង្កឱ្យប្រជាពលរដ្ឋមានលទ្ធភាព ក្នុងការទិញសេវាធានារ៉ាប់រង (Affordability) និងកើតចេញពីការពុះពារជំនះឧបសគ្គរបស់និយ័តករធានារ៉ាប់រងកម្ពុជា និងប្រតិបត្តិករធានារ៉ាប់រងទាំងអស់ ក្នុងការជំរុញការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយនៅតាមបណ្តាខេត្ត/ក្រុង នានាទូទាំងប្រទេស ក៏ដូចជាឆន្ទៈខ្ពស់របស់ក្រុមហ៊ុនធានារ៉ាប់រងក្នុងការបង្កើត និងពង្រីកនូវផលិតផលធានារ៉ាប់រងថ្មី តាមតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់ និងតាមទាន់ការវិវត្តនៃទីផ្សារធានារ៉ាប់រងក្នុងតំបន់ និងក្នុងសកលលោកផងដែរ៕