(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវដល់និស្សិត ដែលលោកធ្លាប់បានបង្រៀនបណ្ដុះបណ្ដាលទាំងអស់ ចូលរួមបរិច្ចាគថវិកាម្នាក់ ១ដុល្លារក្នុងមួយខែ ដើម្បីជួយដល់ «មូលនិធិអប់រំកុមារ»។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត មកកាន់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥។

«មូលនិធិអប់រំកុមារ» បានបង្កើតឡើងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ និងចំណាយថវិកាផ្ទាល់របស់លោកបណ្ឌិត អមជាមួយនឹងការចូលរួមពីសប្បុរសជននានា ដើម្បីជួយដល់កុមារតូចៗដែលស្រលាញ់ការសិក្សារៀនសូត្រ ប៉ុន្តែប្រឈមនឹងការបោះបង់ការសិក្សា ដោយសារតែមិនមានលទ្ធភាពក្នុងការបន្តការសិក្សារៀនសូត្រ។

បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ «មូលនិធិអប់រំកុមារ» មានគោលដៅចង់ឱ្យកុមាដែលស្រលាញ់ការសិក្សារៀនសូត្រ អាចមានលទ្ធភាពរៀនសូត្របានយ៉ាងហោចណាស់ត្រឹមថ្នាក់ទី១២ ហើយប្រសិនជាកុមានោះខ្វះលទ្ធភាពបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនោះមូលនិធិនឹងព្យាយាមស្វែងរកអាហាររូបករណ៍ដល់កុមារដែលស្រលាញ់ការសិក្សាទាំងនោះថែមទៀត។

អាស្រ័យហេតុនេះហើយ ក្នុងនាមជាសាស្ត្រាចារ្យមួយរូប ដែលបម្រើការងារលើវិស័យអប់រំអស់រយៈពេលជាង២០ឆ្នាំលោកបណ្ឌិត បានសម្រេចចិត្តអំពាវនាវទៅកាន់និស្សិតទាំងឡាយ ដែលលោកធ្លាប់ទទួលការបណ្ដុះបណ្ដាលពីលោកបណ្ឌិតផ្ទាល់ជួយចូលរួមបរិច្ចាគថវិកាមួយខែ ១ដុល្លារដល់ «មូលនិធិអប់រំកុមារ» នេះ ដើម្បីបន្តបេសកកម្មជួយបំពេញក្ដីស្រមៃដល់កុមាទាំងឡាយណាដែលស្រលាញ់ការសិក្សារៀនសូត្រ។

ប្រសិនបងប្អូនប្រជាពលរដ្ឋ ចាប់អារម្មណ៍ចង់ចូលរួមបរិច្ចាគថវិកាដើម្បីជួយដល់ «មូលនិធិអប់រំកុមារ» អាចទាក់ទងមកកាន់លេខទូរស័ព្ទ និង CoolApp ០៧៨ ៦៩៩ ២៩៩ ឬគណនី ABA: 007293177៕