(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា «ចំពោះខ្ញុំអ្នកស្រឡាញ់បរិស្ថាន គឺជាអ្នកស្រឡាញ់កម្ពុជាហើយ ប៉ុន្តែ ស្រឡាញ់ឱ្យត្រូវទិសដៅ មិនមែនស្រឡាញ់ ដើម្បីឆ្លៀតឱកាសកេងចំណេង និងបំផ្លាញធនធានធម្មជាតិ»។ បន្ទាប់ពីលោកចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺលោកប្ដេជ្ញាអនុវត្តច្បាប់ដោយមិនលើកលែងចំពោះជនខិលខូចដែលកាប់ឈើ និងទន្រ្ទានដីខុសច្បាប់ និងបទល្មើសផ្សេងទៀតពាក់ព័ន្ធវិស័យបរិស្ថាន។

ការគូសបញ្ជាក់បែបនេះ របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងនៅក្នុងឱកាសលោក និងលោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានរៀបចំកិច្ចសន្ទនាស្តីពីសមាសភាពយេនឌ័រនៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC3.0) សម្រាប់ឆ្នាំ ២០២៥-២០៣៥ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ម្សិលមិញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីមកពីក្រសួងបរិស្ថាន ក្រសួងកិច្ចការនារី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អង្គការ UN Women ព្រមទាំងក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត ក្នុងគោលបំណងប្រមូលធាតុចូលពាក់ព័ន្ធនឹងចំណុចខ្លាំង ការប្រឈមនៃការអនុវត្តផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ឆ្នាំ២០២១-២០២៥ ព្រមទាំងការកំណត់នូវចំណុចខ្លាំង តម្រូវការជាក់ស្តែង សម្រាប់ដំណាក់កាល១០ឆ្នាំខាងមុខ។

ចំពោះកិច្ចការងារបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិ, ត្រូវបានលោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា តាមរយៈកិច្ចសហការយ៉ាងស្អិតរមួតជាមួយបណ្តាអង្គការសង្គមស៉ីវិល ក្រសួងបរិស្ថាន បានបង្ក្រាប និងចាត់ការបទល្មើសបានជាច្រើនផងដែរ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះខ្ញុំអ្នកស្រឡាញ់បរិស្ថាន គឺជាអ្នកស្រឡាញ់កម្ពុជាហើយ ប៉ុន្តែ ស្រឡាញ់ឱ្យត្រូវទិសដៅ មិនមែនស្រឡាញ់ ដើម្បីឆ្លៀតឱកាសកេងចំណេង និងបំផ្លាញធនធានធម្មជាតិ»។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់បណ្តាអង្គការសង្គមស៉ីវិលទាំងអស់ និងអ្នកស្រឡាញ់បរិស្ថាននានា ដែលបានរួមគ្នាសហការជាមួយក្រសួងបរិស្ថាន រហូតចាត់ការបទល្មើសបំផ្លាញធនធានធម្មជាតិបានទាន់ពេលវេលាកន្លងមកនេះ។​

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងបានធ្វើទំនើបកម្មចំពោះការការពារ និងការអភិរក្សធនធានធម្មជាតិ ជាពិសេសគឺការពារព្រៃឈើ ដោយបន្ថែមឧបករណ៍ដ្រូនដល់​គ្រប់​មន្ទីបរិស្ថាន​ខេត្ត​ទាំងអស់​ទូទាំង​ប្រទេស ឱ្យជួយល្បាតព្រៃ ដើម្បីកាត់បន្ថយហានិភ័យនៅក្នុងការងារល្បាតរបស់មន្រ្តីឧទ្យានុរក្ស ហើយការប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ ក៏បានផ្តល់ព័ត៌មានលម្អិត រហ័សអំពីស្ថានភាពព្រៃឈើបានលឿនទាន់សភាពការណ៍ផងដែរ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា នៅក្នុងអាណត្តិជារដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកមានសុដ្ឋិនិយមថា តាមរយៈការធ្វើទំនើបកម្មការពារធនធានធម្មជាតិដើម្បីធ្វើយ៉ាងណាការពារព្រៃឈើរបស់កម្ពុជា ឱ្យនៅគង់វង្សាសម្រាប់កូនចៅតជំនាន់ ជាពិសេសដើម្បីសម្រេចឱ្យបាននូវអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

លោករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា ជនល្មើស មិនធំជាងច្បាប់ដែលមានជាធរមានឡើយ ដូច្នេះមន្ត្រីក្រសួងបរិស្ថាន ត្រូវតែយកច្បាប់មកអនុវត្តជាដាច់ខាតឱ្យបានម៉ឺងម៉ាត់ ហើយត្រូវបញ្ឈប់សកម្មភាពចុះកិច្ចសន្យាដោះលែងជនល្មើសតទៅទៀត។

លោកបណ្ឌិត អ៊ាង សុផល្លែត បានអះអាងថា នៅក្រោមការដឹកនាំរបស់លោក ក្រសួងបរិស្ថាន ដាក់ចេញវិធានការដើម្បីដោះស្រាយបញ្ហាកាប់ព្រៃឈើ និងបទល្មើសលើវិស័យបរិស្ថានដូចជា ការអនុវត្តច្បាប់ម៉ឺងម៉ាត់, ការសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងការប្រើបច្ចេកវិទ្យាដ្រូន ដើម្បីបង្ក្រាបបទល្មើសក្នុងវិស័យបរិស្ថាន៕