(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកចាប់ឃាត់ខ្លួន បញ្ជួនទៅតុលាការ ពីបទរំលោភសេពសន្ថវៈលើក្មេងស្រីម្នាក់ មានអាយុទើបតែ១២ឆ្នាំ តាំងពី២ថ្ងៃមុន ស្ថិតនៅមុខមន្ទីរសម្រាកព្យាបាលដេប៉ូ ឡុងហួរ ដែលមានទីតាំងក្នុងក្រុមទី៤៥ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
ការចុះឃាត់ខ្លួននេះ ធ្វើឡើងក្រោមកិច្ចសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ា ឆៃ ហៅឆៃ អាយុ២៤ឆ្នាំ ជាសន្តិសុខក្រុមហ៊ុន IPS ស្នាក់នៅផ្ទះលេខ១៥១ ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក មានស្រុកកំណើតស្រុកកោះសូទិន ខេត្តកំពង់ចាម។ ចំណែកជនរងគ្រោះមានឈ្មោះ មសអ អាយុ១២ ឆ្នាំ ស្នាក់នៅផ្ទះលេខ៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ និងជនសង្ស័យបានទំនាក់ទំនងស្គាល់គ្នា រយៈពេលប្រហែល១ខែហើយ ដោយក្មេងស្រីរងគ្រោះតែងតែមកអង្គុយលេងជាមួយជនសង្ស័យ ដែលយាមនៅមន្ទីរសម្រាកព្យាបាលដេប៉ូ ឡុងហួរ។ លុះនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនសង្ស័យបាននាំជនរងគ្រោះ ចេញពីកន្លែងយាមទៅផ្ទះម្តាយមីង នៅម្តុំផ្សារអូរឫស្សី ហើយបានព្រមព្រៀងគ្នារួមភេទ (ចម្លើយរបស់ជនសង្ស័យ និងការបំភ្លឺរបស់ជនរងគ្រោះ) បានសម្រេចម្តង ហើយនាំគ្នាត្រឡប់មកវិញ។
សមត្ថកិច្ចបានបន្តទៀតថា លុះវេលាម៉ោង១០ព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ម្តាយក្មេងរងគ្រោះបានដឹងរឿងនេះ ដោយជនរងគ្រោះបាននិយាយប្រាប់ ក៏បានប្តឹងទៅសមត្ថកិច្ច ក្រោយទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យនៅចំណុចមន្ទីរសម្រាកព្យាបាលដេប៉ូ ឡុងហួរ តែម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕