(រតនគិរី)៖ ប្រជាសហគមន៍សមុទ្រលើ១០០នាក់ បានចុះចាប់ឈើខណៈកម្មករកំពុងចូលលួចកាប់ឈើ ក្នុងតំបន់ពួកគាត់ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ត្រង់ចំណុចត្រពាំងស្វាយ ស្ថិតក្នុងភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
លោក ទួយ ញ៉ែប ប្រធានសហគមន៍សមុទ្រលើ បានឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋ ប្រទះឃើញមានកម្មករជាច្រើននាក់ មានប្រើប្រាស់ឧបករណ៍កាប់ អារ ជ្រៀកឈើមានសំឡេង កងរំពងពេញព្រៃ រូបគាត់រួមនឹងប្រជាសហគមន៍ ចុះទៅតំបន់ខាងលើប៉ុន្តែក្រុមកម្មករទាំងនោះ ដឹងខ្លួនទាន់រត់គេចខ្លួនបាត់អស់។ លោកបញ្ជាក់ថា ក្នុងនោះប្រជាពលរដ្ឋ ដកហូតបាន ឈើសុក្រំ២៣៤សន្លឹក និងឈើក្វាវ១៣៦សន្លឹក។
ប្រភពព័ត៌មានផ្សេងទៀត បង្ហើបឲ្យដឹងថា កម្មករជាច្រើននាក់មានឧបករណ៍កាប់ អារ ឈើទ្រង់ទ្រាយធំបែបនេះ ដោយសារតែមានថៅកែខ្មែរ និងថៅវៀតណាម នៅពីក្រោយអ្នកជួល ផ្តល់លុយដោយតម្រូវឲ្យពួកគាត់ (កម្មករ) កាប់ អារ ជ្រៀកតាមខ្នាតសម្រាប់លក់នៅទីផ្សារ ប្រទេសវៀតណាមថែមទៀតផង។
បច្ចុប្បន្នឈើខាងលើនេះ ត្រូវបានប្រជាសហគមន៍សមុទ្រលើ នាំទៅរក្សាទុក៕