(តាកែវ)៖ ជាតម្រូវចាំបាច់បំផុត និងត្រូវប្រើប្រាស់ប្រចាំថ្ងៃរបស់លោកគ្រូ អ្នកគ្រូ ដើម្បីស្រាវជ្រាវប្រមូលផ្តុំនៅបទពិសោធសម្រាប់ការងារសាលាបង្រៀនដល់សិស្សនៃសាលាបឋមសិក្សាវត្តអង្គជុំ ស្ថិតក្នុងភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី មាស ប៊ុង មេបញ្ជាការរង បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ និងលោកវរសេនីយ៍ឯក ឈិន គឹមឈៀង បាននាំកុំព្យួទ័រលើតុចំនួន ៧គ្រឿង ចែកដល់សាលាបឋមសិក្សាវត្តអង្គជុំ និងសាលាឃុំខ្វាវ ព្រមទាំងចែកសម្ភារៈសិក្សាដល់សិស្សចំនួន៨០០នាក់ នៃបឋមសិក្សាវត្តអង្គជុំ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ត្រី មាស ប៊ុង បានលើកឡើងថា សម័យបច្ចេកវិទ្យាទំនើប ឬជាយុគសម័យ AI ទាមទារឲ្យលោកគ្រូ និងអ្នកគ្រូបន្តស្រាវជ្រាវនៅមេរៀនថ្មីៗ ដើម្បីយកមកបង្រៀនដល់សិស្ស ក៏ដូចតម្រូវការកិច្ចការសាលាក្នុងរក្សានៅទិន្នន័យផ្សេងៗ ដើម្បីបម្រើដល់ផលប្រយោជន៍សាលា និងបង្កភាពងាយស្រួលចំពោះលោកគ្រូ អ្នកគ្រូគ្រប់គ្រងតាមបែបប្រព័ន្ធបច្ចេកវិទ្យាទំនើប ទើបនៅថ្ងៃនេះក្រុមការងារ បាននាំនៅកុំព្យួទ័រប្រភេទលើតុមកចែកជូនដល់សាលាបឋមសិក្សាវត្តអង្គជុំ និងសាលាឃុំខ្វាវ ។

លោកឧត្តមសេនីយ៍ត្រី បានលើកឡើងដោយបញ្ជាក់ថា បើទោះបីលោកគ្រូ អ្នកគ្រូមានចំណេះដឹងល្អៗសម្រាប់បង្រៀនដល់កូនក្មួយក៏ដោយ ក្មួយៗត្រូវតែខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្រេបនៅចំណេះដឹងទាំងនេះដោយខ្លួនឯង ជាងនេះត្រូវរក្សាឲ្យបាននៅវិន័យសេចក្តីព្យាយាមរៀនសូត្រ ឲ្យក្លាយខ្លួនទៅសិស្សល្អ កូនល្អ ទើបអនាគតរបស់កូនក្មួយបានប្រែក្លាយទៅជាទំពាំងស្នងឬស្សី នាពេលខាងមុខបាន។

សាលាបឋមសិក្សាអង្គជុំ ចាប់កកើតតាំងពីឆ្នាំ១៩៧៩ ដែលមានអគារសិក្សាចំនួន០២ខ្នង មួយខ្នងសង់អំពីឈើប្រក់ស្លឹកមានបីបន្ទប់ និងមួយខ្នងទៀតសង់ អំពីថ្មប្រក់ក្បឿងមានបីបន្ទប់ រហូតមកដល់ឆ្នាំ១៩៩៩ មានអង្គការស្ពានកម្ពុជាហូឡង់ជួយជួសជុលមួយខ្នង និងសង់ថ្មីមួយខ្នងសរុបមាន១០បន្ទប់ ដល់ឆ្នាំ២០០០ អង្គការកម្ពុជា ជប៉ុន បានសង់អគារ១ខ្នងមាន៤បន្ទប់ ប៉ុន្តែអគារនោះបានទ្រុឌទ្រោមទើបតែជួសជុលក្នុងឆ្នាំ២០២៤ និងបំពាក់តុសិស្សចំនួន ៥០គ្រឿង តុគ្រូចំនួន ៤គ្រឿង អស់ទឹកប្រាក់សរុប ១១,២២៥ដុល្លារ (ដប់មួយពាន់ ពីររយម្ភៃប្រាំដុល្លាគត់) និងនៅឆ្នាំ២០០២ មានអគារមួយខ្នងទៀតកសាងដោយសប្បុរសជនដែលមាន៥បន្ទប់ មកដល់បច្ចុប្បន្នអគារសិក្សាមាន ៤ខ្នង និងមាន២០បន្ទប់ ប៉ុន្តែទ្រុឌទ្រោម ១អគារ មាន៥បន្ទប់ ៕