(កណ្តាល)៖ បើមិនប្រឹងប្រែងរួមគ្នាទប់ស្កាត់សកម្មភាពនៃការបង្ហូរទឹកកខ្វក់ចូលប្រភពទឹកសាធារណៈទេនោះ បញ្ហាបំពុលទឹកនឹងកាន់តែធ្ងន់ធ្ងរជាក់ជាមិនខាននោះឡើយ។ រោងចក្រ សហគ្រាស និងកន្លែងអាជីវកម្មជាច្រើនត្រូវបានរកឃើញថា កំពុងធ្វើសកម្មភាពដោយខ្វះការទទួលខុសត្រូវលើបញ្ហាបរិស្ថាន និងសុខភាពសាធារណៈ។
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ សិប្បកម្មផលិតដំណាំស្វាយមួយទៀត ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានរកឃើញថា ធ្វើសកម្មភាពបំផ្លាញបរិស្ថាន បំពុលទឹកស្ទឹងព្រែកត្នោត តាមរយៈការបង្ហូរទឹកកខ្វក់មិនឆ្លងកាត់ប្រព័ន្ធចម្រោះឱ្យបានត្រឹមត្រូវតាមបច្ចេកទេសដែលកំណត់ដោយក្រសួងបរិស្ថាន។
បន្ទាប់ពីទទួលបានព័ត៌មានស្តីពីសកម្មភាពបង្ហូរទឹកកខ្វក់របស់សិប្បកម្មខាងលើនេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់ឱ្យ ក្រុមការងារអធិការកិច្ចប្រសិទ្ធភាពសុក្រឹត្យកម្មបរិស្ថានកិច្ចលើភាពស្អាត ដឹកនាំដោយលោក កែ វង្សវឌ្ឍនា អគ្គនាយករង ដោយមានការចូលរួមពីលោកអភិបាលរងស្រុកអង្គស្នួល ក្រុមប្រឹក្សាឃុំក្រាំងម្កាក់ មេភូមិព្រៃខ្លា និងមន្ទីរបរិស្ថានខេត្តកណ្ដាល ជួបប្រជុំ និងចុះត្រួតពិនិត្យលើការបញ្ចេញសំណល់រាវពីក្រុមហ៊ុន Ji Li Long (Cambodia) Fruit Industry Co., Ltd. ចូលស្ទឹងព្រែកត្នោត ស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ក្រុមហ៊ុនខាងលើនេះ បានបើកដំណើរការសិប្បកម្មផលិតដំណាប់ស្វាយនៅឆ្នាំ២០២០ ដោយប្រើប្រាស់ស្វាយស្រស់ដែលមានបរិមាណប្រហែល ៣០តោន ក្នុងមួយថ្ងៃ និងប្រើប្រាស់ទឹកប្រមាណ៣០ម៉ែត្រគូប ក្នុងមួយថ្ងៃ ពីប្រភពទឹកស្អាត។
ក្រុមហ៊ុននេះ ពុំមានអាងប្រព្រឹត្តិកម្មសម្រាប់សម្អាតសំណល់រាវនោះទេ ដោយក្រុមហ៊ុនបានបង្ហូរសំណល់រាវចូលអាងស្ដុក រួចបូមបង្ហូរចូលស្ទឹងព្រែកត្នោតតាមរយៈទុយោបង្កប់ក្រោមដី។ ក្រុមហ៊ុន ក៏មិនមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះដែរ។
ក្រុមការងារបានរកឃើញថា ក្រុមហ៊ុន Ji Li Long (Cambodia) Fruit Industry Co., Ltd. បានបូមបង្ហូរសំណល់រាវចូលព្រែកត្នោតដោយផ្ទាល់ពុំបានធ្វើប្រព្រឹត្តិកម្មសម្អាត។
ដោយអនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ អនុក្រឹត្យលេខ២៧ អនក្រ.បក ស្ដីពីការត្រួតពិនិត្យការបំពុលទឹក និងសារាចរលេខ ០៣ សរ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ស្ដីពីវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន បានចាត់វិធានការចំពោះក្រុមហ៊ុនដូចខាងក្រោម៖
១៖ ត្រូវបញ្ឈប់ការបង្ហូរសំណល់រាវដោយផ្ទាល់ចូលប្រភពទឹកសាធារណៈចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះតទៅ និងត្រូវធ្វើការកាត់ផ្តាច់ទុយោនៅខាងមុខក្រុមហ៊ុន។
២៖ ធ្វើការរុះរើទុយោបង្កប់ចេញឱ្យបានរួចរាល់មុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ជាកំហិត និងស្នើដល់អាជ្ញាធរមូលដ្ឋាន តាមដានការអនុវត្តរបស់ក្រុមហ៊ុន។
៣៖ ធ្វើការផាកពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា៨២៩ មាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ និងអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក។
៤៖ ត្រូវសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ដោយសហការ ជាមួយក្រុមហ៊ុនផ្តល់សេវាវិស្វកម្មបរិស្ថាន ដែលទទួលបានអាជ្ញា បណ្ណពីក្រសួងបរិស្ថាន និងត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិមាត្រា២៨៧។
៥៖ នៅក្នុងដំណាក់កាលសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ក្រុមហ៊ុនត្រូវសហការជាមួយក្រុមហ៊ុនផ្ដល់សេវាដែលទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ចក្នុងការបូមសម្អាតសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុន។
៦៖ ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យបរិស្ថានផ្សេងទៀត យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិមាត្រា៦៥០។
៧៖ ត្រូវផ្ដល់សំណងខូចខាត និងផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ អនុលោមតាមមាត្រា១៦២ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
៨៖ ត្រូវធ្វើការស្ដារស្ទឹងព្រែកត្នោតដែលទទួលរងការបំពុលឱ្យមានភាពល្អប្រសើរទ្បើងវិញ អនុលោមតាមមាត្រា៧២៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
អ្នកធ្វើការងារលើផ្នែកបរិស្ថាន ក៏ដូចជាប្រជាពលរដ្ឋ បានសម្តែងការគាំទ្រយ៉ាងខ្លាំង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់ក្រសួងបរិស្ថាន។ ពួកគេបានមើលឃើញថា ចំណាត់ការនេះបង្ហាញឱ្យឃើញពីស្មារតីយកចិត្តទុកដាក់ខ្ពស់លើបរិស្ថាន ជាពិសេសការពារគុណភាពទឹកសាធារណៈ និងការពារសុខភាពប្រជាពលរដ្ឋ។
អ្នកធ្វើការងារលើផ្នែកបរិស្ថាន ក៏ដូចជាប្រជាពលរដ្ឋ បានមើលឃើញថា បើមិនយកចិត្តទុកដាក់លើសកម្មភាពបំផ្លាញបរិស្ថានពីពេលនេះទេ ទៅថ្ងៃសកម្មភាពខ្វះទំនួលខុសត្រូវលើផ្នែកបរិស្ថានទាំងនេះ នឹងបង្កផលប៉ះពាល់កាន់តែធ្ងន់ដល់ប្រភពទឹក សុខភាពប្រជាពលរដ្ឋ ហើយរដ្ឋនឹងត្រូវខាតបង់ថវិកា ឬចំណាយថវិកាកាន់តែច្រើនដើម្បីដោះស្រាយផលប៉ះពាល់នានាបង្កដោយសារការបង្ហូរទឹកកខ្វក់នេះ៕