(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានណែនាំដល់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយ និងអនុវត្តគោលការណ៍ ប្រជាពលរដ្ឋម្នាក់ គឺជាភ្នាក់ងារសន្តិសុខម្នាក់ ដែលពួកគាត់មានសិទ្ធិគ្រប់គ្រាន់ ក្នុងការផ្តល់ព័ត៌មានទាំងឡាយណា ជូនដល់អាជ្ញាធរមានសមត្ថកិច្ច ទាក់ទងនឹងសុខសុវត្ថិភាពក្នុងមូលដ្ឋាន ជាពិសេសដើម្បីធានាបាននូវការគាំទ្រគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព។

លោក ខូយ រីដា បានណែនាំបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្ត សម្រាប់ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភារជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ រដ្ឋបាលស្រុក ក្រុង ឃុំសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់ មន្ត្រីកិច្ចសន្យា និងបុគ្គលិកហាត់ការ ប្រមាណជិត៣០០នាក់។

បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី ស្នងការរងខេត្ត បានធ្វើសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, បញ្ហាគ្រឿងញៀន, ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសភាពការសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ នោះរួចមក, លោក ខូយ រីដា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរអង្គភាព ចំណុះឲ្យរដ្ឋបាលខេត្ត ដែលបានខិតខំបំពេញកិច្ចការងារ តាមតួនាទីភារកិច្ចរបស់ខ្លួនដោយទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងជោគជ័យនេះ ក៏នៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលត្រូវធ្វើការដោះស្រាយជាបន្តបន្ទាប់។

លោកបានគូសបញ្ជាក់ថា ប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព មកដល់ពេលនេះ គឺបានមកពីការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន រួមទាំងឥស្សរជនឆ្នើមៗជាច្រើនរូបទៀត ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិ។ ដោយឡែក សម្រាប់ប្រមុខរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបាននិងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីទប់លំនឹងសេដ្ឋកិច្ចជាតិ និងដើម្បីទាក់ទាញអ្នកវិនិយោគក្រៅប្រទេស ចូលមកបណ្តាក់ទុកក្នុងប្រទេសកម្ពុជា។

សម្រាប់ខេត្តពោធិ៍សាត់ ក៏ជាមោទកភាពផងដែរ ដែររាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្ត តាមរយៈការគាំទ្រ ដល់ផ្តល់ជូននូវសមិទ្ធផលជាច្រើន រួមទាំងផ្តល់ឱកាសការងារនៅនឹងកន្លែងជាច្រើនម៉ឺននាក់ ឲ្យប្រជាពលរដ្ឋមានប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ មិនធ្វើចំណាកស្រុក។ ត្រង់ចំណុចនេះ រាល់ពេលបើកការដ្ឋានសាងសង់ ក៏ដូចសម្ពោធឆ្លងសមិទ្ធផលនានា ដែលជាស្នាដៃរបស់រាជរដ្ឋាភិបាល ត្រូវធ្វើការផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋឲ្យបានយល់ជ្រួតជ្រាប។

មានមតិបូកសរុប លោក ខូយ រីដា បានដាក់ចេញនូវផែនការ និងទិសដៅមួយចំនួន ជូនដល់រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ និងមន្ទីរអង្គភាព យកទៅអនុវត្តបន្ត ចំនួន៨ចំណុចរួមមាន៖

ទី១៖ ត្រូវបន្តកិច្ចការងារថែរក្សាសន្តិសុខ ​សណ្តាប់ធ្នាប់សាធារណៈ គ្រឿងញៀន ក្មេងទំនើង និងបរិស្ថាន ដោយត្រូវធ្វើឲ្យបាន
ទី២៖ អាជ្ញាធរ ឃុំ សង្កាត់ ត្រូវដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ ឱ្យអស់ពីលទ្ធភាព ក្នុងករណីដោះស្រាយមិនបាន ត្រូវរាយការណ៍មកខេត្ត
ទី៣៖ មន្ទីរអង្គភាព ត្រូវពិនិត្យការងាររបស់មន្ត្រី ចំពោះការធ្វើរបាយការណ៍ទៅថ្នាក់ជាតិ ត្រូវចម្លងជូនមករដ្ឋបាលខេត្ត
ទី៤៖ បន្តចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ទាំងព្រៃឈើ និងនៅលើផ្ទៃទឹកបឹងទន្លេសាប
ទី៥៖ ត្រូវមានភាពឈ្លាសវៃឆ្លើយតបទៅនឹងបណ្តាញព៌ត៌មានអវិជ្ជមាន ចំពោះមន្ទីរអង្គភាពណាពាក់ព័ន្ធ សាម៉ីមន្ទីរអង្គភាព ត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលា
ទី៦៖ រៀបចំត្រៀមទទួលបដិសណ្ឋារកិច្ច វត្តមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត នៅស្រុកបាកាន និងវត្តមាន របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅស្រុកវាលវែង នាពេលឆាប់ៗខាងមុខ
ទី៧៖ ត្រូវបង្កើតគោលការណ៍ ប្រជាពលរដ្ឋម្នាក់ គឺជាភ្នាក់ងារសន្តិសុខម្នាក់ ក្នុងការផ្តល់ព័ត៌មាន ជូនដល់អាជ្ញាធរមានសមត្ថកិច្ច
ទី៨៖ មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ និងអាជ្ញាធរដែនដី ត្រូវសហការដើរតួ ត្រួតពិនិត្យរាល់ការលក់ម្ហូបអាហារ គ្មានអនាម័យ និងប៉ះពាល់ដល់សុខភាព និងត្រូវធ្វើកិច្ចសន្យា ចំពោះអ្នកលក់ដូរណា មិនគោរពគោលការណ៍ អនាម័យ និងបរិស្ថាន។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ខូយ រីដា ក៏បានផ្តល់ជូនបណ្ណសរសើរ ជូនដល់រដ្ឋបាលឃុំ ដែលមានស្នាដៃល្អ ក្នុងការដឹកនាំ រៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាព បរិស្ថាន អនាម័យបានល្អ ព្រមទាំងមន្ត្រីកិច្ចសន្យា និងបុគ្គលិកហាត់ការ ដែលមានស្នាដៃល្អ ក្នុងការរៀបចំតុបតែងលម្អភ្លើង សោភ័ណ្ឌភាព និងអនាម័យបរិស្ថាន ក្នុងខេត្តផងដែរ៕