(ព្រះវិហារ)៖​ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីរាជការ​មន្ទីរ អង្គភាព ជុំវិញខេត្ត អញ្ជើញចុះពិនិត្យមើលដំណើរការសាងសងព្រះវិហារប្រវត្តិសាស្ត្រសរសរឈើចំនួន៥០០ដើម ស្ថិតក្នុងវត្តប្រាសាទគោកបេង ក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។​

បន្ទាប់ពីចុះពិនិត្យមើលសមិទ្ធផលនានា ដែលបានកសាងរួចនៅក្នុងវត្តប្រាសាទគោកបេង​ ក៏ដូចជាពិនិត្យមើលព្រះវិហារ​ថ្មីដែលកំពុងសាងសង់​ លោកអភិបាលខេត្តព្រះវិហារ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះព្រះសម្ភារ៍វិសុទ្ធិ ឡុង សុមុនី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសីមាវិជិត មេគណខេត្តព្រះវិហារ និងជាព្រះគ្រូចៅអធិការវត្តប្រាសាទគោកបេង ដែលបានដឹកនាំកសាងបាននូវសមិទ្ធផលជាច្រើន ពិសេសការដឹកនាំកសាងព្រះវិហារប្រវត្តិសាស្ត្រសរសរឈើចំនួន៥០០ដើមនាពេលនេះ។​

ព្រះគ្រូសីមាវិជិត ឡុង សុមុនី ព្រះមេគណខេត្តព្រះវិហារ និងជាព្រះគ្រូចៅអធិការវត្តប្រាសាទគោកបេង បានមានថេរៈដីកាឲ្យដឹងថា ព្រះវិហារប្រវត្តិសាស្ត្រសរសរចំនួន៥០០ដើម ដែលកំពុងដំណើរការសាងសង់នាពេលនេះ គឺសម្រេចបានប្រហែល៣០ភាគរយហើយ ដោយចំណាយបច្ច័យអស់ជាង១លានដុល្លារ។ ព្រះវិហារជាប្រវត្តិសាស្ត្រនេះ នឹងបញ្ចប់ការកសាងទាំងស្រុង ដោយគ្រោងចំណាយបច្ច័យសរុបចំនួនជាង៤លានដុល្លារ។​

ព្រះអង្គព្រះមេគណខេត្ត និងជាព្រះគ្រូចៅអធិការវត្តគោកបេង បានបន្ដថា ព្រះវិហារសរសរឈើ៥០០ដើមនេះ គឺកសាងឡើងដើម្បីទុកជាប្រវត្តិសាស្ត្រ​សម្រាប់ខេត្តព្រះវិហារ ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ។ ​ព្រះវិហារនេះមិនមែនតែសម្រាប់ជាកន្លែងសក្ការៈបូជាប៉ុណ្ណោះទេ តែជាកន្លែងទេសចរណ៍ធម្មជាតិ ដែលប្រជាពលរដ្ឋមកពីគ្រប់ទិសទី អាចមកទស្សនាដោយសេរីផងដែរ៕