(កំពង់ស្ពឺ)៖ បន្ទាប់ពីបានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទ NoDrug ថាមានការចែកចាយ និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិសាស្រ្តឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងបញ្ជូនព័ត៌មានភ្លាម ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានចុះល្បាតក្នុងភូមិសាស្រ្ត នៅចំណុចក្នុងភូមិម្កាក់ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឃាត់មុខសញ្ញាជួញដូរ ចំនួន១នាក់ និងដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន១១កញ្ចប់ និងទូរស័ព្ទដៃ ចំនួន១គ្រឿង។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕