(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយទទួលបានសេចក្ដីរាយការណ៍ប្រជាពលរដ្ឋពាក់ព័ន្ធករណីគ្រឿងញៀន។

អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាន កម្លាំងបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍តាម App NoDrug ខណ្ឌមានជ័យ។

ក្រោយពីបានស្រាវជ្រាវជាច្រើនសប្តាហ៍ មកដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចយើងបានកំណត់ទីតាំងខាងលើ និងបានធ្វើការបង្ក្រាប ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ដាវកែច្នៃ) និងមានបង្កប់ល្បែងស៊ីសងខុសច្បាប់ (ហ្គេមចូគឺ) នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៦៩៤ ភូមិចំរើនផល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ (មានសារធាតុញៀន)។

ដកហូតវត្ថុតាងរួមមាន សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ដាវកែច្នៃ ចំនួន១ និងកាំបិត ចំនួន៦, កន្ត្រៃកាត់ដែក ចំនួន១, ស្លាកលេខម៉ូតូ ចំនួន១ និងទូរស័ព្ទដៃ ចំនួន២គ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងបានបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕