(ភ្នំពេញ)៖ ក្រោយទទួលបានសេចក្ដីរាយការណពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងសហការ និងផ្ដល់ព័ត៌មានទៅកាន់ទីតាំងដែលសង្ស័យ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះធ្វើការស្រាវជ្រាវទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍ពីបទល្មើសគ្រឿងញៀន។

ជាលទ្ធផល កម្លាំងបានកំណត់ថា ទីតាំងខាងលើជាតំបន់ស្មុគស្មាញ សំណង់មិនរៀបរយ និងជាតំបន់ងាយរងគ្រោះដោយបទល្មើសគ្រឿងញៀន ពីមុខសញ្ញាដែលរស់នៅក្នុងមូលដ្ឋានខាងលើ លុះមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៤៖៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ចុះសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះធ្វើរដ្ឋបាល។

*ទី១៖ នៅចំណុចសំណង់មិនរៀបរយ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន ចំនួន១៣នាក់ (ស្រី៤នាក់)
*ទី២៖ នៅចំណុចសំណង់មិនរៀបរយ ភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន ចំនួន៧នាក់ (ស្រី៣នាក់)។ សរុបឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនចំនួន២០នាក់ (ស្រី៧នាក់)។

បច្ចុប្បន្នអ្នកប្រើប្រាស់គ្រឿងញៀនខាងលើ បានបញ្ជូន ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕