(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានសេចក្ដីប្រកាសព័ត៌មានបង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ ចំពោះករណីក្មេងស្រីទំនើងពីរក្រុម ដែលប្រើប្រាស់អំពើហិង្សាដាក់គ្នាទៅវិញទៅមក។
កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៥៖៣០នាទីទៀបភ្លឺ មានក្រុមក្មេងទំនើងចំនួនពីរក្រុម មានក្រុម GIRL ដៃពីរ និងក្រុម GIRL ហៃណាំ ដែលធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមកបានធ្វើការណាត់ជួបគ្នានៅចំណុចតាមផ្លូវលំ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានធ្វើសកម្មភាពវាយគ្នាទៅវិញទៅមកបណ្តាលឲ្យភាគីខាងក្រុម GIRL ហៃណាំ រងរបួសផ្ទៃមុខ និងពកក្បាល។
នៅពេលដែលវាយគ្នាចប់ ក្រុម GIRL ដៃពីរ បាននាំគ្នាស្ទុះឡើងម៉ូតូជិះគេចខ្លួន ប៉ុន្តែនៅសល់បក្ខពួកម្នាក់ឡើងម៉ូតូមិនទាន់គេ ក៏ត្រូវបានភាគីក្រុម GIRL ហៃណាំ ចាប់ទាញស្មារជាប់ ហើយក៏ត្រូវបានក្រុម Gir ហៃណាំ នាំគ្នាព្រួតវាយទៅលើក្រុម GIRL អៃពីរ បណ្តាលឲ្យសន្លប់ដេកនៅលើដី របួសផ្ទៃមុខ, កងដៃឆ្វេង, ស្មារខាងឆ្វេង បន្ទាប់មកក្រុម GIRL ហៃណាំ ក៏បាននាំគ្នាជិះម៉ូតូ គេចខ្លួនបាត់អស់ទៅ។
ក្រោយមកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់ជាសមាជិក ក្រុម GIRL ហៃណាំ មាន ១៖ឈ្មោះ ចាន់ លីតា ហៅ រាំប៊ីតា ភេទស្រី អាយុ១៧ឆ្នាំ, ២៖ឈ្មោះ ខាន់ លីម៉េង ហៅជន ភេទប្រុស អាយុ១៨ឆ្នាំ, ៣៖ឈ្មោះ តឹង សុធា ភេទស្រី អាយុ១៦ឆ្នាំ, ៤៖ឈ្មោះ ស៊ឹម ស៊ីវម៉ី ភេទស្រី អាយុ១៦ឆ្នាំ, ៥៖ឈ្មោះ ហែម ម៉ារីយ៉ា ហៅស្រីពេជ្រ ភេទស្រី អាយុ១៦ឆ្នាំ, ៦៖ឈ្មោះ សេង ស្រីយ៉ ហៅស៊ូកា ភេទស្រី អាយុ២១ឆ្នាំ និងសមាជិកក្រុម GIRL ពីរ ចំនួន២នាក់ទៀតឈ្មោះ ហាយ ស្រីនាថ ហៅអ៊ូកា ភេទស្រី អាយុ២០ឆ្នាំ និងឈ្មោះ ហ៊ុន កាន់និកា ហៅ កាប៉េឡា ភេទស្រី អាយុ១៧ឆ្នាំ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធ នឹងករណីខាងលើនេះសមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៨ នាក់ខាងលើ និងបក្ខពួកពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅចំណុចតាមផ្លូវលំ ភូមិព្រែក តាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បទល្មើស ព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ៕