(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងស្ដីពីរដូវបិទនេសាទ ឆ្នាំ២០២៥ ចាប់អនុវត្តពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃ៣០ ខែកញ្ញា ក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង។

បើតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា រដូវបិទនេសាទក្នុងដែននេសាទខេត្តស្ទឹងត្រែង នឹងចាប់អនុវត្តពីថ្ងៃទី ០១ ខែឧសភា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ។

ក្នុងអំឡុងពេលបិទនេសាទនេះ គឺមិនអនុញ្ញាតឲ្យធ្វើការនេសាទដោយឧបករណ៍មងគ្រប់ ប្រភេទ សំដៅដើម្បីការពារត្រីមេពូជក្នុងអំឡុងពេលបង្កកំណើតខ្ពស់នេះ។ ទន្ទឹមជាមួយគ្នានេះដែរ សូមបងប្អូន មេត្តាបញ្ឈប់ជាបន្ទាន់នូវការប្រើឧបករណ៍ឆក់ សារធាតុពុល និងគ្រឿងផ្ទុះ គ្រឿងផ្ទុះ ដែលជាប្រភេទឧបករណ៍នាំឲ្យវិនាស អន្តរាយដល់ធនធានជលផល និងមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរបំផុត។

ទោះបីជាក្នុងរដូវបិទនេសាទក៏ដោយ បងប្អូនប្រជានេសាទនៅតែអាចធ្វើការនេសាទបាន ដោយប្រើនូវ ឧបករណ៍នេសាទជាលក្ខណៈគ្រួសារដូចជា៖ សៃយ៉ុន លប សំណាញ់ សន្ទូចផ្លែមួយ អង្រុត ចាន់ តុម ទ្រូ កញ្ច្រែងដងត្រី និងឧបករណ៍មួយចំនួនទៀតដែលច្បាប់អនុញ្ញាត សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។

រដ្ឋបាលខេត្តស្ទឹងត្រែង សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងអ្នកនេសាទទាំងអស់នឹងអនុវត្ត តាមសេចក្តីជូនដំណឹងនេះប្រកបដោយការទទួលខុសត្រូវ និងអនុវត្តតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដើម្បីចូលរួមថែរក្សា ការពារ និង ប្រើប្រាស់នូវធនធានមច្ឆាជាតិយើងឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕