(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសដាក់លក់វចនានុក្រមខ្មែរ ដែលមានតម្លៃ ៣៦ដុល្លារ ក្នុងមួយក្បាល ដើម្បីឆ្លើយតបទៅនឹងសំណូមរបស់មហាជន ដែលចង់បានជាប្រភេទសៀវភៅ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិតសភាចារ្យ សុខ ទូច មកកាន់បណ្ដាញព័ត៌មាន Fresh News។
បើតាមការបញ្ជាក់ពីប្រធានរាជបណ្ឌិត្យសភាកម្ពុជាវចនានុក្រម ដែលដាក់លក់នេះ គឺជាការបោះពុម្ភលើកទី២ ខណៈការបោះពុម្ភលើកទី១ បានធ្វើឡើងសម្រាប់ជូនទៅតាមបណ្ដាស្ថាប័នរដ្ឋតែប៉ុណ្ណោះ។ ប៉ុន្តែដោយមានសំណូមពរពីមហាជន និងតម្រូវការចាំបាច់ ទើបរាជបណ្ឌិត្យសភាសម្រេចបោះពុម្ពលក់ជាផ្លូវការ។ ថវិកា ដែលទទួលបានពីការលក់វចនានុក្រមនេះ នឹងយកទៅបោះពុម្ពសៀវភៅប្រវត្តិសាស្រ្តដែលមានកម្រាស់ជិត ៥០០ទំព័រ ដែលសរសេរចាប់ពីសម័យឧដុង្គ មកដល់សម័យកម្ពុជាប្រជាធិបតេយ្យ ដែលនឹងបោះពុម្ពនៅពេលខាងមុខនេះ។
លោកបណ្ឌិតសភាចារ្យបានបញ្ជាក់ថា៖ «តាមពិតយើងមាន App វចនានុក្រមខ្មែររួចហើយ មិនត្រូវចំណាយថវិកាទេ។ ប៉ុន្តែដោយមានការសំណូមពរជាច្រើនរបស់មហាជនឱ្យយើងរៀបចំបោះពុម្ព ទើបយើងបោះពុម្ពលក់»។
បើតាមប្រធានរាជបណ្ឌិត្យសភា ការបោះពុម្ពលើកទី២នេះ ដោយមានឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាចំនួន ១,០០០ក្បាល និងមានការចូលរួមពីបណ្ដារដ្ឋមន្រ្តីជាច្រើនទៀតដូចជា៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចំនួន១០០ក្បាល, ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ចំនួន១៤០ក្បាល, រដ្ឋមន្រ្តីក្រសួងធនធានទឹក ចំនួន១០០ក្បាល, រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចំនួន១០០ក្បាល, រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន១០០ក្បាល, រដ្ឋមន្រ្តីក្រសួងការងារ ចំនួន១០០ក្បាល និងរដ្ឋមន្រ្តីក្រសួងនវានុវត្តន៍ ចំនួន១០០ក្បាល។
ដោយទទួលបានការឧបត្ថម្ភជាច្រើនបែបនេះ ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្រ្តីទាំងអស់ ដែលបានជួយឧបត្ថម្ភដល់ការបោះពុម្ពលើកនេះ។
សូមជម្រាបថា វចនានុក្រមខ្មែរ ជាប្រភេទបោះពុម្ពសៀវភៅ និងទម្រង់ឌីជីថល ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែកញ្ញា ឆ្នាំ២០២៣។ បើសិនជាជនរួមជាតិ មានបំណងជាវសៀវភៅនេះអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០៩៧ ២៧២ ៧៨ ២៦ ៕