(ភ្នំពេញ)៖ ការប៉ះទង្គិចផ្លូវចិត្ត គឺជាបញ្ហាដែលគេមើលឃើញថាធម្មតា ប៉ុន្តែវាពិតជា វាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ជីវិតនិងការរស់នៅប្រចាំថ្ងៃ។ ពីរបួសផ្លូវចិត្តក្រោមអំពើហិង្សា ការបាត់បង់កូន គ្រួសារ ឬការបាត់បង់អំណាចក្នុងជីវិត ទាំងអស់នេះអាចនាំឱ្យកើតមានបញ្ហាសុខភាពផ្លូវចិត្តយ៉ាងយូរអង្វែង ប្រសិនបើគ្មានការពិនិត្យ និងថែទាំឱ្យបានទាន់ពេលវេលា។ នេះគឺជាការលើកឡើងរបស់លោក សរ បូរីរក្ស នាយកវិទ្យាស្ថានជាតិសង្គមកិច្ច ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការថែទាំដែលយល់ដឹងពីការប៉ះទង្គិចផ្លូវចិត្ត» នៅវិទ្យាស្ថានជាតិសង្គមកិច្ច នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។
សិក្ខាសាលាស្តីពី «ការថែទាំដែលយល់ដឹងពីការប៉ះទង្គិចផ្លូវចិត្ត» ត្រូវបានរៀបចំឡើងដោយមានការសហការណ៍រវាងវិទ្យាស្ថានជាតិសង្គមកិច្ច និងអង្គការមូលនិធិហាការអន្តរជាតិប្រចាំកម្ពុជា ដោយមានអ្នកចូលរួមប្រមាណ ៣០០នាក់។
នាយកវិទ្យាស្ថានជាតិសង្គមកិច្ច បានបញ្ជាក់ឱ្យដឹងថា ការអប់រំអំពីការប៉ះទង្គិចផ្លូវចិត្ត គឺជាភាពចាំបាច់ ដូច្នេះហើយបានជា រៀបចំសិក្ខាសាលានេះ ដើម្បីបង្កើនការយល់ដឹងអំពីការប៉ះទង្គិចផ្លូវចិត្ត ការទទួលស្គាល់ ការឆ្លើយតបឱ្យបានសមស្រប និងការផ្តល់ជំនួយ ផ្លូវចិត្តដល់អ្នករងផលប៉ះពាល់។ ជាពិសេស សិក្ខាសាលានេះផ្តោតលើ ការចូលរួមរបស់គ្រប់ភាគី ដូចជា រដ្ឋាភិបាល អង្គការ សហគមន៍ និងស្ថាប័នអប់រំ ដើម្បីដោះស្រាយបញ្ហានេះជាដៃគូ។
លោក សរ បូរីរក្ស នាយកវិទ្យាស្ថានជាតិសង្គមកិច្ច បានបញ្ជាក់ទៀតថា៖ «ពាក្យ «ការថែទាំ» នៅទីនេះមិនមែនមានន័យត្រឹមតែការព្យាបាលនោះទេ។ វាស្រដៀងទៅនឹងការផ្តល់ការ ប្រឹក្សាយោបល់ ការស្តាប់ ការបង្កើនលទ្ធភាពធន់នឹងការប៉ះទង្គិច និងការកសាងបណ្តាញគាំទ្រដែលអាចជួយបន្តការ រស់នៅដោយមានសុភមង្គល។ ពិសេសសម្រាប់កុមារ និងយុវជន ដែលជាអនាគតនៃសង្គមយើង យើងត្រូវធ្វើឱ្យ បានច្រើនបំផុត ដើម្បីកុំអោយបញ្ហាផ្លូវចិត្តក្លាយជារឿងបំបាក់អនាគតរបស់ពួកគេ»។
ការរថែទាំផ្លូវចិត្តមិនមែនជាការចូលមកព្យាបាលក្រោយពេលមានបញ្ហាប៉ុណ្ណោះទេ ប៉ុន្តែវាជាជំហានដំបូង ដើម្បីបង្ការ ការពារ និងស្ដារឡើងវិញនូវសុខុមាលភាពផ្លូវចិត្តរបស់មនុស្សម្នាក់។ នៅក្នុងបរិបទសង្គមសព្វថ្ងៃ ដែលមនុស្ស ជាច្រើនត្រូវរងសំពាធជាច្រើនប្រភេទ រួមទាំងអំពើហិង្សា, ភាពខ្វះខាតឧបត្ថម្ភសង្គម, និងអំពើបំពាននានា ការថែទាំ ផ្លូវចិត្តក្លាយជាឧបករណ៍សំខាន់ក្នុងការបង្កើតភាពធន់នឹងការលំបាក និងអភិវឌ្ឍជីវិតឱ្យរឹងមាំឡើងវិញ។ ការថែទាំ ផ្លូវចិត្ត ជាប្រភពនៃកម្លាំង វាជួយឱ្យបុគ្គលយល់ខ្លួនឯងច្បាស់ មានសមត្ថភាពគ្រប់គ្រងអារម្មណ៍ និងអាចស្ថិតនៅ ក្នុងសង្គម ដោយទំនាក់ទំនងវិជ្ជមាន។ ជាពិសេសសម្រាប់កុមារ និងយុវជន ការថែទាំផ្លូវចិត្តជាប្រភពសំខាន់ សម្រាប់ការលូតលាស់ ដល់កម្រិតពេញវ័យជាបុគ្គលដែលមានសុខភាពគ្រប់វិស័យ។
ការថែទាំផ្លូវចិត្តត្រូវបានទទួលស្គាល់ថាជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងសង្គម ដែល មិនគួរត្រូវបានមើលរំលង ឬទុកឱ្យជាការពិភាក្សារបស់អ្នកជំនាញប៉ុណ្ណោះទេ។ តែបុគ្គលគ្រប់រូប គ្រួសារ សាលារៀន សហគមន៍ និងក្រសួង ស្ថាប័ន និងអង្កការ ត្រូវចូលរួមសកម្មក្នុងការចែករំលែក ការយល់ដឹង និងបង្កើតបរិយាកាស គាំទ្រដែលផ្តល់ភាពសុវត្ថិភាពផ្លូវចិត្តចំពោះគ្នាទៅវិញទៅមក។ នេះគឺជាការបញ្ជាក់បន្ថែមពីលោក សរ បូរីរក្ស នាយកវិទ្យាស្ថានជាតិសង្គមកិច្ច។
នៅក្នុងភាពជាដៃគូសហការណ៍រៀបចំសិក្ខានេះ លោកស្រី សំ ស្រីណា នាយិកាអង្គការមូលនិធិហាការអន្តរជាតិប្រចាំប្រទេសកម្ពុជា បានបង្ហាញឱ្យដឹងថា អង្គការហាការបានបង្កើតឡើងដំបូងដោយលោក Pierr Tamy ដែលជាជនជាតិស្វីស ដែលស្នាក់នៅនិងបំពេញការងារនៅក្នុងប្រទេសកម្ពុជានាឆ្នាំ១៩៩៤ ដើម្បីជួយដល់ស្រ្តី និងកុមាររងគ្រោះដោយអំពើរជួញដូរមនុស្ស ទាសភាព និងការរំលោភបំពាននានា ដោយមានឆន្ទៈយ៉ាងមោះមុតក្នុងការផ្ដល់ឱ្យពួកគេម្នាក់ៗនូវក្ដីសង្ឃឹម និងឈោងចាប់ក្ដីស្រមៃនៅក្នុងដំណើរការស្ដាឡើងវិញនូវជីវិតខ្ទេចខ្ទាំ ឱ្យមានការផ្សារភ្ជាប់ឡើងវិញ រឹងមាំ និងរស់នៅប្រកបដោយសុខសុវត្ថិភាព និងភាពថ្លៃថ្នូរ នៅក្នុងសហគមន៍របស់ពួកគេ។
អស់រយៈពេល៣១ឆ្នាំ នៃការបំពេញការងាររបស់ខ្លួនក្នុងប្រទេសកម្ពុជា អង្គការហាការ បានជួយស្ដាជីវិតអ្នករងគ្រោះដោយសារការជួញដូរមនុស្ស អំពើរហឹង្សា រំលោភបំពានផ្លូវភេទ ក៏ដូចជាការបំពាននានា បានជាង៥០០០នាក់ហើយ ដោយមិនរាប់បញ្ចូលសមាជិកគ្រួសារ សហគមន៍ដែលទទួលផលនោះទេ៕