(ភ្នំពេញ)៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងពាក់ព័ន្ធនឹងសំណើគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការគណៈកម្មការទន្លេមេគង្គ។

នៅក្នុងសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ដូចនេះថា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សូមជម្រាបជូនសាធារណមតិពាក់ព័ន្ធនឹងគម្រោង ព្រែកជីកហ្វូណនតេជោរបស់កម្ពុជាក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការគណៈកម្មការទន្លេមេគង្គ (Mekong River Commission-MRC) ដូចខាងក្រោម៖

ទី១ ៖ កម្ពុជាបានធ្វើការជូនដំណឹងអំពីសំណើគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជាទៅលេខាធិការដ្ឋាន MRC នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ដោយនៅក្នុងលិខិតជូនដំណឹងរបស់ខ្លួន, កម្ពុជា បានភ្ជាប់នូវទម្រង់នៃការជូនដំណឹង (Format of Notification) និងឯកសារពាក់ព័ន្ធនៃសំណើគម្រោង ស្របតាមនីតិវិធីស្តីពីការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀងរបស់ MRC។

ទី២៖ បច្ចុប្បន្នដោយមានសំណើពីលេខាធិការដ្ឋានMRC ស្នើសុំផ្តល់នូវឯកសារបន្ថែមនៃគម្រោង, គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នឹងបន្តកិច្ចសហការជាមួយស្ថាប័នជំនាញរបស់កម្ពុជាដើម្បីពិនិត្យលទ្ធភាពសមស្របឆ្លើយតបលើសំណើនេះ៕