(ពោធិ៍សាត់)៖ កោះទំហំជិត៤ហិកតា នៅវត្តបាកាន ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាកសាង និងអភិឌ្ឍន៍ឲ្យក្លាយទៅជាឧទ្យានបាកាន កោះនៃការត្រាស់ដឹង។ ពិធីបញ្ចុះបឋមសិលានេះត្រូវបានធ្វើឡើង នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព បណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាកាន និងដោយមានការចូលរួមពីប្រធានក្រុមការងារឃុំទាំង៩ក្នុងស្រុកបាកាន អាជ្ញាធរស្រុកបាកាន និងបងប្អូនប្រជាពលរដ្ឋជាយ៉ាងច្រើនកុះករ ។
ក្នុងឱកាសនោះ បណ្ឌិត ទី នរិន្ទ មានប្រសាសន៍លើកឡើងថា កោះទំហំជិត៤ហិចតានេះ លេចចេញជារូបរាងដំបូងដោយ ព្រះតេជគុណសុតន្តោ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាននិងគណៈកម្មការអាចារ្យវត្ត បានធ្វើការស្តារស្ទឹងពោធិ៍សាត់ចាស់យកអាចម៍ដីកសាងកោះនេះឡើង ហើយដោយទីតាំងកោះនេះ ស្ទឹង និងវត្តបាកាន គឺជាទីតាំងមានជាប់ពាក់ព័ន្ធទៅនិង ប្រវត្តិឈ្មោះខេត្តពោធិ៍សាត់ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ បានផ្តួចផ្តើម កសាងបន្ថែម និងអភិឌ្ឍន៍ឲ្យក្លាយទៅជាឧទ្យានបាកាន កោះនៃការត្រាស់ដឹង ស្របតាមតម្រូវការរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងគោលបំណងបម្រើក្នុងផ្នែកសាសនា ក៏ដូចជាទីតាំងសម្រាប់ប្រជាពលរដ្ឋ លំហែអារម្មណ៍ និងដើរហាត់ប្រាណជាដើម ។
លោកបានបន្ថែមថា ការកសាង និងអភិឌ្ឍន៍កោះនេះគឺមានការចូលរួមពីក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាកាន និងពីសប្បុរសជននានាផងដែរដោយបែងចែកជា៥ផ្នែកធំៗ គឺទី១ ការស្ថាបនាស្ពានបេតុងចូលកោះ ទី២ការស្ថាបនាផ្លូវដើរខ្វាត់ខ្វែងនៅលើកោះដោយក្រាលថ្មម៉ាបខ្មែរ ទី៣ការដាំដើមឈើសួនច្បារនិងរូបចម្លាក់ផ្សេងៗសរុបចំនួន៩តំបន់ ទី៤ការរៀបចំតាមច្រាំងជុំវិញកោះ និងទី៥ការស្ថាបនាក្លោងទ្វារ និងផ្លូវចូលកោះ ៕