(កំពង់ឆ្នាំង)៖ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅសិប្បកម្មផលិតចង្ក្រានមាន់ព្រៃស្ថិតនៅក្នុងភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង មានរៀបចំជំនួបពិភាក្សា រវាងអាជ្ញាធរមូលដ្ឋាន ជាមួយម្ចាស់ជំនួយដែលបានរួមចំណែក ក្នុងការផលិតចង្ក្រានបង្កើនថាមពលព្រៃមាន់។

លោកស្រី វ៉ាន់ តុលា ម្ចាស់សិប្បកម្មបានឱ្យដឹងថា កាលពីឆ្នាំ២០១៨ ក្រោយពីបានចុះមកសិក្សាស្រាវជ្រាវពីចង្វាក់ផលិតកម្ម នៃការផលិតចង្ក្រានលក្ខណៈគ្រួសារ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានជួយសម្របសម្រួលលក្ខណៈបច្ចេកទេស និងបានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងការធ្វើពិសោធន៍លើគុណភាព របស់ចង្ក្រានរហូតទទួលបាន លទ្ធផលគួរជាទីគាប់ចិត្តដោយទទួលបាន ការបង្កើនថាមពលរហូតដល់៣៦.៥% និងការកាត់បន្ថយអុសរហូតដល់៤០% ហើយដែលភាគីទាំងអស់ យល់ស្របគ្នាប្រសិទ្ធនាមឱ្យចង្ក្រាននេះថា «ចង្ក្រានបង្កើនថាមពលព្រៃមាន់»។

បន្ថែមពីលើគម្រោងបោសសម្អាតមីន គម្រោងកែលម្អសោភណភាពសាលារៀន គម្រោងអំពូលបំភ្លឺផ្លូវសាធារណៈ ដើរដោយថាមពលពន្លឺព្រះអាទិត្យ គម្រោងកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក គម្រោងអាជីវកម្មខ្នាតតូចដល់ប្រជាជនកម្ពុជា នៅជនបទ លោក Liu Wenzhi តំណាងមូលនិធិចិន PEACELAND បានកត់សម្គាល់ថា គម្រោងចង្ក្រានបង្កើនថាមពលនេះ បានរួមចំណែកយ៉ាងសកម្មក្នុងការបំពេញបាននូវតម្រូវការជាមូលដ្ឋានដល់ប្រជាជនកម្ពុជា ដែលក្នុងនោះមានចំណុចពិសេស ចំនួន៣គឺ ១-ការបន្តមរតកនៃវប្បធម៌ខ្មែរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំក្នុងការផលិតចង្ក្រាន ២-ការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា ទាំងអ្នកផលិត ទាំងអ្នកដឹកជញ្ជូន ទាំងអ្នកទទួលផលប្រើប្រាស់ចង្ក្រាន ៣-ការរួមចំណែកកាត់បន្ថយ ការបំភាយកាបូន និងការថែរក្សាបរិស្ថានស្របតាមរបៀបវារៈរបស់អង្គការសហប្រជាជាតិ និង៤-ការបង្កើនភាពស្និទ្ធស្នាល រវាងសង្គមស៊ីវិលកម្ពុជា-ចិន សហគ្រាសរបស់ចិន ជាមួយនិងអាជ្ញាធរមូលដ្ឋានក្នុងប្រទេសកម្ពុជា។ លោកក៏បានសន្យាថា នឹងបន្តការបញ្ជាទិញចង្ក្រានព្រៃមាន់យក ទៅចែកដោយឥតគិតថ្លៃជូនដល់ប្រជាជនកម្ពុជា នៅតាមទីដាច់ស្រយាល និងក្នុងតំបន់ដែលមានតម្រូវការ។

ក្នុងនាមរដ្ឋបាលមូលដ្ឋាន លោក យ៉ង់ វណ្ណា អភិបាលរងស្រុករលាប្អៀបានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០១៩មក ក្រោមកិច្ចសម្របសម្រួលពី សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន អ្នកភូមិព្រៃមាន់ដែលជាអ្នកផលិត និងប្រជាជនកម្ពុជាដែលជាអ្នកទទួលផល សុទ្ធតែមានក្តីអំណរចំពោះអំណោយ ចំនួន៣៧,៥៤៧ចង្ក្រានពីមូលនិធិចិន PEACELAND និង ក្រុមហ៊ុន Guangzhou Iceberg Environment Consulting Services Co., Ltd ។

លោកក៏បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសមាគមបណ្តាញសង្គមស៊ីវិលកម្ពុជា ដែលបានទទួលសិទ្ធិ ក្នុងការចែកចាយចង្ក្រានព្រៃមាន់ដល់ផ្ទះបាយរបស់ប្រជាជន ដែលជាអ្នកទទួលផលផងដែរ។ លោក នូ ឃាន មេឃុំស្រែថ្មីបានរំពឹងថា គ្រប់អង្គពាក់ព័ន្ធទាំងអស់ ជាពិសេសមិត្តចិននឹងបន្តអនុវត្តគម្រោងនេះ ដើម្បីរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅរបស់អ្នកភូមិព្រៃមាន់និយាយដោយឡែក អ្នកឃុំស្រែថ្មីនិយាយរួម។

ឆ្លៀតនៅក្នុងឱកាសនោះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលជាអ្នកផ្តួចផ្តើម ក្នុងការអនុវត្តគម្រោងចង្ក្រានព្រៃមាន់នេះ បានលើកយកនូវបទពិសោធ ន៍នៃការកាត់បន្ថយភាពក្រីក្រពីក្នុងសៀវភៅ Xi Jinping អភិបាលកិច្ចប្រទេសចិន ភាគ៣ យកមកចែករំលែកដល់អង្គពិធីទាំងមូល ហើយបានចែកសៀវភៅនេះជូនដល់ លោកអភិបាលស្រុក លោកមេឃុំ និងលោកមេភូមិ ដើម្បីយកទៅប្រគល់ជូនដល់បណ្ណាល័យ នៅតាមសាលានានាក្នុង ស្រុករលាប្អៀដើម្បីផ្តល់ឱកាសដល់មហាជនទូទៅ បានយល់ពីគតិរបស់លោកប្រធានរដ្ឋចិនស្តីពី ភាពជោគជ័យនៃការកាត់បន្ថយ ភាពក្រីក្រក្នុងប្រទេសចិនថែមទៀតផង៕

វិទ្យុមិត្តភាពកម្ពុជាចិន