(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះជួបសំណេះសំណាល និងចែកអង្ករជូនដល់កីឡាករទូកង ដើម្បីត្រៀមបម្រុងសម្រាប់ចូលរួមប្រកួតប្រជែង ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ នារាជធានីភ្នំពេញ។
ពិធីចែកអង្ករផ្ទាល់ដៃ ដើម្បីត្រៀមបម្រុងសម្រាប់ចូលរួមប្រកួតប្រជែងខាងលើនេះ ត្រូវបានធ្វើឡើង២ទីតាំងផ្សេងៗគ្នា ទី១-នៅលើផ្លូវលំក្រាលគ្រោះក្រហម ស្ថិតក្នុងភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងទី២-នៅបរិវេណផ្នែកសឹករងស្រុកកណ្តៀង ស្ថិតក្នុងភូមិស្ថានីយ៍ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន បានផ្តាំផ្ញើដល់បងប្អូនកីឡាទាំងអស់ ត្រូវចូលរួមសហការ និងសាមគ្គីគ្នា ដើម្បីទទួលបាននូវជ័យជម្នះ ជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ក៏ដូចជាលើកស្ទួយមុខមាត់ខេត្ត។ ជាមួយគ្នានោះ លោកបានអំពាវនាវឲ្យបងប្អូនកីឡាករ ត្រូវជៀសឲ្យឆ្ងាយពីហឹង្សា គ្រឿងញៀន គ្រឿងស្រវឹងពេលកំពុងប្រណាំង ជាពិសេសកុំឲ្យភ្លេចប្រពន្ធកូនដែលនៅផ្ទះ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា អង្ករដែលត្រូវចែកជូនដល់កីឡាករទូក.ង ២ទីតាំងផ្សេងគ្នានេះ សរុបចំនួន១០តោន និង៥០០គីឡូក្រាម ជាអំណោយរបស់លោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី ហើយទូកដែលត្រៀមចូលរួមប្រកួតប្រជែង ក៏មាន២ផងដែរ គឺមានទូក(ង) រាំងទិលសាគរសែនមានជ័យ ស្ថិតក្នុងវត្តមុនីសាគរ ហៅវត្តរាំងទិល ភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងទូក (ង) តេជោកែវវិជ័យបារមីចៅសែន ស្ថិតក្នុងវត្តកែវវិជ័យ ភូមិកែវវិជ័យ ឃុំកណ្តៀង ឃុំកណ្តៀង ស្រុកកណ្តៀង ដែលមានកម្លាំងចូលរួមសរុប ប្រមាណ២២៥នាក់ រួមទាំងអ្នកទៅតាម៕