(ភ្នំពេញ)៖ កាលពី៥០ឆ្នាំមុន ពោលគឺនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ បន្ទាប់ពីសង្រ្គាមស៊ីវិលដ៏វិនាសកម្មអស់រយៈពេលជាច្រើនឆ្នាំ។ នៅថ្ងៃនោះ ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងសម័យកាលដ៏ខ្មៅងងឹតបំផុតមួយនៃប្រវត្តិសាស្រ្តរបស់ខ្លួន។

ក្នុងស្ថានភាពវឹកវរដែលកើតមានឡើងក្រោយការដួលរលំទីក្រុងភ្នំពេញ មនុស្សជាច្រើនរយនាក់បាននាំគ្នាមកជ្រកកោននៅក្នុងស្ថានទូតបារាំង ដោយសង្ឃឹមថាទទួលបានការការពារនៅទីនោះ។

ជាក់ស្តែង ពលរដ្ឋបារាំងជាង ៥០០នាក់ ត្រូវបានទទួលឱ្យស្នាក់
នៅក្នុងស្ថានទូត រួមជាមួយពលរដ្ឋប្រមាណ ១០០នាក់ នៃប្រទេសចំនួន២០ផ្សេងទៀត (រួមមានអាល្លឺម៉ង់ អាល្លឺម៉ង់ខាងកើត បែលហ្ស៊ិក កាណាដា អេស្ប៉ាញ សហរដ្ឋអាម៉េរិក ឥណ្ឌា អ៊ីតាលី ឥណ្ឌូនេស៊ី ជប៉ុន ឡាវ លីបង់ នូវែលហ្សេឡង់ ប៉ាគីស្ថាន អង់គ្លេស ស៊ុយអែត ស្វ៊ីស ថៃ និងវៀតណាម)។ គេប៉ាន់ប្រមាណថា ជនជាតិខ្មែរប្រហែល៦០០នាក់ ក៏បានមកជ្រកកោននៅក្នុងស្ថានទូតបារាំងផងដែរ។ ក្នុងរយៈពេលជាងពីរសប្តាហ៍ បរិវេណស្ថានទូតបានក្លាយទៅជាទីកន្លែងហ៊ុំព័ទ្ធមួយ ដែលចុងក្រោយបានជួបវាសនាដ៏សោកសង្រេង ជាមួយការចាកចេញរបស់ពលរដ្ឋកម្ពុជា បន្ទាប់មកការជម្លៀសជនបរទេសទៅកាន់ប្រទេសថៃតាមក្បួនរថយន្តចំនួនពីរជើង នៅថ្ងៃទី៣០ ខែមេសា និងថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៧៥។

ដើម្បីឧទ្ទិសដល់ជនរងគ្រោះក៏ដូចជា៖ រក្សាការចងចាំអំពីហេតុការណ៍ទាំងនេះ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ រំលឹកពីថ្ងៃទី០៦ ខែឧសភា ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ តាមរយៈពិព័រណ៍ ពិធីឧទ្ទិសកុសល និងកម្មវិធី បញ្ចាំងភាពយន្ត ព្រឹត្តិការណ៍ទាំងនេះមានគោលដៅលើកកម្ពស់ការបញ្ជ្រាបការចងចាំដល់មនុស្សជំនាន់ក្រោយ ក៏ដូចជាបញ្ជាក់ឡើងវិញពីការប្រកាន់ខ្ជាប់របស់ប្រទេសបារាំងចំពោះទំនាក់ទំនងជាមួយកម្ពុជា ដែលផ្អែកលើការទទួលស្គាល់អតីតកាល ការសន្ទនា និងទំនុកចិត្ត។

ចាប់ពីថ្ងៃទី០៦ ខែឧសភា វេលាម៉ោង១៨៖៣០នាទី ពិព័រណ៍ «ប្រឈមមុខនឹងខ្មែរក្រហម­ស្ថានទូតបារាំងជាប់ចូលក្នុងការដួលរលំទីក្រុងភ្នំពេញ (ថ្ងៃទី១៧ មេសា-០៨ ឧសភា ១៩៧៥)» នឹងប្រព្រឹត្តទៅនៅវិទ្យាស្ថានបារាំង នៅកម្ពុជា។ ដោយបើកឱ្យចូលទស្សនាសេរី ពិព័រណ៍នេះនឹងធ្វើឡើងរហូតដល់ថ្ងៃទី២២ ខែសីហា។ រៀបចំដោយស្ថានទូតបារាំង និងវិទ្យាស្ថានបារាំង ក្រោមការចាត់ចែងរបស់អ្នកស្រាវជ្រាវបារាំងពីររូប ពិព័រណ៍ខាងលើនឹងបង្ហាញពីព្រឹត្តិការណ៍ដ៏សោកនាដកម្មក្នុងសម័យនោះ អមដោយសក្ខីកម្ម រួមទាំងឯកសារដែលសាធារណជនមិនធ្លាប់ឃើញ ក្នុងនោះមានបណ្ណាសាររបស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង រូបភាព និងវីដេអូផងដែរ។

នៅថ្ងៃពុធ ទី០៧ ខែឧសភា វេលាម៉ោង១៨៖៣០នាទី វេទិកាពិភាក្សាជាមួយសាធារណជននឹងត្រូវធ្វើឡើងនៅវិទ្យាស្ថានបារាំង ជាមួយវាគ្មិនពីរនាក់គឺ ពន្ធុវិទូ និងអ្នកនិពន្ធបារាំងឈ្មោះ François Bizot និងអ្នកថតរូបសារព័ត៌មាន Roland Neveu។ បុគ្គលទាំងពីរនេះគឺជាសាក្សីនៃការដួលរលំទីក្រុងភ្នំពេញ។ កិច្ចពិភាក្សានេះនឹងបើកជូនសាធារណជនចូលរួមដោយសេរី ដោយធ្វើឡើងជាភាសាបារាំង ជាមួយការបកប្រែជាភាសាខ្មែរ។

នៅថ្ងៃទី០៨ ខែឧសភា ដោយមានការចូលរួមពីអ្នករស់រានមានជីវិត សាក្សី តំណាងសង្គមស៊ីវិល តំណាងអាជ្ញាធរកម្ពុជា និងអង្គទូត ស្ថានទូតបារាំងនឹងរៀបចំពិធីរំលឹក និងឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់អ្នកដែលបានមកស្វែងរកការជ្រកកោននៅក្នុងស្ថានទូតបារាំង ព្រមទាំងជនរងគ្រោះទាំងអស់។

ជាងនេះទៅទៀត ចាប់ពីថ្ងៃទី១០ ខែឧសភា វិទ្យាស្ថានបារាំងនៅកម្ពុជានឹងចាក់បញ្ចាំងភាពយន្ត និងភាពយន្តឯកសារប្រមាណ១២រឿង ដែលផ្តោតលើប្រវត្តិសាស្រ្តប្រទេសកម្ពុជាក្រោមរបបខ្មែរក្រហម ដោយសហការជាមួយ មជ្ឈមណ្ឌលបុប្ផាណា។ ជាវណ្ណកម្មរបស់ផលិតករកម្ពុជា និងបរទេសដូចជាលោក ប៉ាន់ រិទ្ធី លោក ដាវី ជូ លោកDenis Do លោកស្រី អែនជេលីណា ជូលី លោក Arthur Dong និងលោក ឆាយ បូរ៉ា ស្នាដៃទាំងនេះបង្ហាញពីការចងចាំផ្ទាល់ខ្លួន និងការចងចាំរួម ពីអំពើហិង្សាក្នុងរបបខ្មែរក្រហម ហើយឆ្លុះបញ្ចាំងពីបញ្ហានៃការបញ្ជ្រាបចំណេះដឹងពីរបបខ្មែរក្រហម និងការតស៊ូជម្នះលើការប៉ះទង្គិចផ្លូវចិត្ត។ កម្មវិធីលម្អិតមានលើគេហទំព័រវិទ្យាស្ថានបារាំងនៅកម្ពុជា៖ institutfrancais-cambodge.com៕