(បន្ទាយមានជ័យ)៖ ព្រះតេជគុណ ឈួន បូរី និងនិងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បាននាំយករថយន្តចំនួន៣គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់អធិការស្រុកមង្គលបុរី១គ្រឿង, រថយន្តប្រតិបត្តិការយោធាសឹករងស្រុកមង្គលបុរី១គ្រឿង និងរថយន្តរបស់ប្រជាពលរដ្ឋ១គ្រឿង ដឹកជញ្ជូនទឹកស្អាតចែកជូនមន្ទីរពេទ្យបង្អែកកម្ពុជា-ជប៉ុន និងប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃស្ថិតនៅ ឃុំបន្ទាយនាង និងឃុំ ឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះ ព្រះតេជគុណ ឈួន បូរី បានមានសង្ឈដីកាថា ដោយទទួលរងនូវឥទ្ធិពលអាកាសធាតុមានសភាពក្តៅខ្លាំង ហើយប្រការនេះបានធ្វើអោយអណ្តូងទឹកតាមខ្នងផ្ទះប្រជាពលរដ្ឋរីងស្ងួត និងប្រភពទឹកនានាតាមភូមិក៏រីងស្ងួតផងដែរ ជាហេតុធ្វើអោយមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបុរី និងប្រជាពលរដ្ឋជួបបញ្ហាប្រឈមនូវកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។
បន្ថែមពីនោះ លោក សំ អួន តំណាងឲ្យលោក ទុ បារាំង ប្រធានមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបុរី បានមានប្រសាសន៍ថា ដោយសារភាពក្តៅខ្លាំងធ្វើឱ្យទីតាំងស្តុបទឹកក្នុងមន្ទីរពេទ្យបង្អែករីងខ្វះខាតទឹកប្រើប្រាស់ ដើម្បីផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមកសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ដោយក្នុងមួយថ្ងៃៗមន្ទីពេទ្យត្រូវប្រើប្រាស់ទឹកអស់ចំនួន ១០០គីប(មួយរយគីប)។
លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តមនុស្សធម៌របស់ព្រះតេជគុណ ឈួន បូរី ក៏ដូចជាក្រុមការងារ ដែលបានដឹកជញ្ជូនទឹកយកមកផ្គត់ផ្គង់នៅក្នុងមន្ទីរពេទ្យបង្អែកកម្ពុជា-ជប៉ុន ដើម្បីប្រើប្រាស់តាមតម្រូវការ។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋមូលដ្ឋាន បានសម្តែងនូវទឹកចិត្តសប្យាយរីករាយ ខណះដែលព្រះតេជគុណ ឈួន បូរី បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ នាំយកទឹកផ្តល់ជូនពួកគាត់ប្រើប្រាស់បានគ្រប់គ្រាន់ ដោយមានការចូលរួមជ្រោមជ្រែងគាំទ្រពី លោក រ័ត្ន ដាស៊ីណង់ អភិបាលនៃគណៈអភិបាលស្រុកមង្គលបុរី និងលោក ឌី ទាវ អធិការនគរបាលស្រុកមង្គលបុរី និងលោក អុន គិមហួង ប្រធានផ្នែកសឹករងស្រុកមង្គលបុរី ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបផ្សេងទៀត។
ជាថ្មីម្ដងទៀត ព្រះតេជគុណ ឈួន បូរី បានមានសង្ឈដីកាថា ទឹកដែលដឹកយកមកផ្តល់ជូនប្រជាពលរដ្ឋនៅថ្ងៃនេះ ទុកសម្រាប់អោយអ្នកភូមិប្រើប្រាស់តាមតម្រូវការ ហើយព្រះតេជគុណក៏បានផ្ដាំផ្ញើបងប្អូនប្រជាពលរដ្ឋនៅក្នុងទីរួមស្រុកមង្គលបុរីទាំងអស់ថា បើសិនជាភូមិណាមួយខ្វះខាតទឹក សូមទំនាក់ទំនងតាមរយះលោកអភិបាល ក៏ដូចជារូបព្រះតេជគុណផ្ទាល់ ដើម្បីបានទឹកទុកប្រើប្រាស់ប្រចាំថ្ងៃ៕