(ស្វាយរៀង)៖ ស្ត្រីម្នាក់ត្រូវបានបុរសជាប្ដីវាយបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម រួចបុរសជាប្ដីបានរត់គេចខ្លួនចូលក្នុងព្រៃចងកបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ ចម្ងាយពីផ្ទះប្រហែល៥០០ម៉ែត្រ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្ទះជនរងគ្រោះ ទល់មុខវត្តក្រោលគោ ស្ថិតនៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីឃាតកម្ម ប្ដីវាយប្រពន្ធបែកក្បាលស្ដាប់ភ្លាមៗ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញ និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចុះដល់កន្លែងកើតហេតុ តាមរកជនសង្ស័យ និងដាក់កម្លាំងព័ទ្ធភូមិដែលជនសង្ស័យរត់ចូលទៅពួនក្នុងព្រៃ ខណ:ពេលសមត្ថកិច្ច រុករក ក៏ប្រទះឃើញជនសង្ស័យ បានយកខ្សែពួរចងក និងដើមស្តៅសម្លាប់ខ្លួនឯងស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចបានបន្តថា បន្ទាប់មកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ស្នងការ និងបានសុំយោបល់លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ការពារកន្លែងកើតហេតុ និងបានចងខ្សែហុំព័ទ្ធជុំវិញកន្លែងកើតហេតុទាំង២ រង់ចាំជំនាញខេត្ត និងគ្រូពេទ្យមកធ្វើកោសល្យវិច្ច័យ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះជាប្រពន្ធមានឈ្មោះ នូ សុជាតិ អាយុ៤៣ឆ្នាំ មុខរបរលក់កាហ្វេ គុយ ទាវ ស៊ុប ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យជាប្ដីមានឈ្មោះ ប្រែង ផល្លា អាយុ៥៦ឆ្នាំ ស្នាក់នៅជាមួយគ្នា។
ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា ប្ដីប្រពន្ធពីរនាក់នេះ តែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់ រៀងរាល់ថ្ងៃ សង្ស័យរឿងប្រចណ្ឌ មិនសូវលុះពេលនោះឡើយ ខណៈនៅថ្ងៃកើតហេតុគេឮសំឡេងឈ្លោះប្រកែកគ្នា តែគេមិនចាប់អារម្មណ៍ ឡើយ លុះមួយសន្ទុះក្រោយមក ក៏ស្ងាត់លែងឮមាត់បន្ទាប់មកគេឃើញបុរសជាប្ដីបានចេញមកខាងក្រៅផ្ទះ ហើយចាក់សោផ្ទះពីខាងក្រៅរួចគេចខ្លួនទៅចូលក្នុងព្រៃចងកសម្លាប់ខ្លួនឯងតាមក្រោយ។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះសង្ស័យឈ្មោះ ប្រែង ផល្លា បានយកសោដែក (ម៉ាឡេត) វាយលើប្រពន្ធ បណ្តាលឲ្យផុងលលាស្លាប់នៅកន្លែងកើតហេតុ ក្រោយពីប្រព្រឹត្តបទល្មើសរួចជនសង្ស័យបានរត់គេចខ្លួន និងធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងតាមក្រោយ។ នៅកន្លែងកើតហេតុសមត្ថកិច្ចបានដកហូតវត្ថុតាងមាន សោដែក (ម៉ាឡេត) ០១ដើម។ មូលហេតុ ជនសង្ស័យមានវិបត្តិក្នុងគ្រួសារ។
ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញ បានប្រគល់សាកសពទាំង២នាក់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕