(កំពង់ធំ)៖ រថយន្ត Lexus ៤៧០មួយគ្រឿង ដឹកឈើប្រណិតចំនួន៤៣ដុំ ត្រូវបានកម្លាំងចម្រុះផ្នែករដ្ឋបាលព្រៃឈើស្ទោង ក្រោមការដឹកនាំដោយ និងបញ្ជាផ្ទាល់លោក អ៊ិត សុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំ បង្ក្រាបបាននៅរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៦ នៅចំណុចភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក ឈឿង គុណ នាយផ្នែករដ្ឋបាលព្រៃឈើស្ទោង បានឲ្យដឹងថា រថយន្តដឹកឈើមួយគ្រឿងនេះ ម៉ាក Lexus ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2V-7138 បានដឹកឈើចេញមកពីខេត្តព្រះវិហារ យកមកដាក់ខេត្តកំពង់ធំ តែត្រូវសមត្ថកិច្ចបានដេញតាមភ្លាមៗ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ យកទៅសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយថាខ្លួន គេគ្រាន់ជាតែកុងឡានទេ ហើយចំណែកឈើនោះ បងស្រីរបស់ខ្លួន បានទិញពីឈ្មោះ ចែទូច នៅក្នុងខេត្តកំពង់ធំដូចគ្នា គោលបំណង យកទៅធ្វើផ្ទះ។ ទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចជំនាញ ផ្នែករដ្ឋបាលព្រៃឈើស្ទោង បានអះអាងថា ឈើនៅក្នុងរថយន្តLexus ៤៧០ មានឈើចំនួន៤៣ដុំ ជាប្រភេទឈើធ្នង់ និងឈើនាងនួន។
ក្រោយពីឃាត់បាន សមត្ថកិច្ចបានយកទៅរក្សាទុក ដើម្បីធ្វើការវាស់វែង ចាត់ការបន្ដ៕