(កណ្ដាល)៖ ដោយសារតែឃើញបាតុភាពមិនសមរម្យកើតឡើងជាហូរហែរមកក្នុងញ្ហាជំលោះ ឬហៅថាអធិករណ៍រវាងព្រះសង្ឃ២អង្គ នៅវត្តស្លាកេតុ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្ដាល ចាស់ទុំព្រឹទ្ធាចារ្យអ្នករស់នៅស្អាង បានស្នើឲ្យ​ពុទ្ធ​បរិស័ទ​ចំណុះជើងវត្តជិតឆ្ងាយទាំង២ក្រុម ដែលគាំទ្រព្រះសង្ឃម្ខាងៗរៀងខ្លួន សូមបញ្ឈប់សកម្មភាពសិន ព្រោះរូបភាពហិង្សាទាំងឡាយដែលពុទ្ធបរិស័ទបានប្រព្រឹត្ត បាននាំមកនូវភាពអាម៉ាស់ដល់ព្រះពុទ្ធសាសនា បាត់បង់តម្លៃជាពុទ្ធសាសនិកដ៍ឧត្តម ហើយទង្វើទាំងឡាយ (ហិង្សា) នោះ បានខុសទៅនឹងសាសនាផង ខុសទៅនឹងច្បាប់រដ្ឋផងដែលអាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ។

ការដែលព្រឹទ្ធាចារ្យ ចាស់ទុំអ្នកស្រុកស្អាង លើកឡើងបែបនេះ ដោយសារតែបានឃើញការតវ៉ាបណ្តេញព្រះចៅអធិការវត្ត រួមនឹងព្រះសង្ឃមួយចំនួនទៀតចេញពីវត្ត និងចាក់សោរវត្តទៀតនោះ ពីភាគីគាំទ្រព្រះសង្ឃម្ខាងដែលជាភិក្ខុ ហើយភាគីគាំទ្រព្រះចៅអធិការវត្ត ក៏កើតទុក្ខមិនសុខចិត្តទៅនឹងសកម្មភាពរបស់ភាគីខាងនោះ ដែលរឿងរ៉ាវនេះចាស់ព្រឹទ្ធាចារ្យ បារម្ភខ្លាចក្រែងមានការប៉ះទង្គិចរវាងប្រជាជន និងប្រជាជនដែលជាហេតុនាំឲ្យកើតរឿងអាក្រក់ឡើង ជាយថាហេតុណាមួយ ដូច្នេះសូមទុករឿងនេះ ជូនដល់ថ្នាក់ដឹកនាំខេត្តកណ្ដាល គណៈសង្ឃនាយក និងថ្នាក់ដឹកនាំក្រសួងសម្របសម្រួលវិញទើបត្រឹមត្រូវជាង។

បើតាមមតិមហាជនភាគច្រើនដែលបានដឹងរឿង បានទម្លាយថា ការផ្ទុះអធិករណ៍នេះ គឺកើតចេញពីការមិនចុះសម្រុងគ្នា​ រវាងព្រះសង្ឃ២អង្គ ក្នុងវត្តតែមួយ គឺភិក្ខុ សាយ ស៊ុយសែ ជាមួយនឹងព្រះចៅអធិការវត្ត​ស្លាកេតុ ព្រះនាម ពក សុខហេង ដែលវត្តនេះស្ថិតក្នុងឃុំត្រើយស្លា ស្រុកស្អាង។

ព្រះចៅអធិការវត្តអង្គនេះ មានចរិតស្លូតបូត ហើយមានចំណេះដឹងខ្ពង់ខ្ពស់ រីឯភិក្ខុសាយ ស៊ុយសែ តែងតែដើរតួចាត់ចែងកិច្ចការក្នុងវត្តដែលជាហេតុនាំឲ្យរឿងមិនចេះចប់មិនចេះហើយ ពោលគឺមិនគោរពចៅអធិការវត្តតែម្ដង។

អាជ្ញាធរបានបញ្ជាក់ថា បញ្ហាជំលោះ ឬហៅថាអធិករណ៍រវាងលោកសង្ឃទាំង២អង្គខាងលើ គឺកើតមានតាំងពីឆ្នាំ២០២៣មកម្ល៉េះ ហើយធ្លាប់ត្រូវបានអាជ្ញាធរ និងមន្ត្រីគណៈសង្ឃស្រុក ខេត្ត និងរហូតដល់ក្រសួងធម្មការ និងសាសនា បានធ្វើកោះប្រជុំ និងដោះស្រាយជាច្រើនលើករួចមកហើយដែរ និងបានមានការស្រុះស្រួលគ្នារវាងព្រះសង្ឃទាំង២អង្គខាងលើ បញ្ចប់បញ្ហាទាំងអស់ ដែលមានផ្តិតមេដៃទទួលស្គាល់ត្រឹមត្រូវពីព្រះសង្ឃទាំង២អង្គ និងមន្ត្រីពាក់ព័ន្ធរួចរាល់។

ប៉ុន្តែបែរជានៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ថ្មីៗនេះ មានប្រជាពលរដ្ឋមួយក្រុមដែលមានគ្នាប្រមាណ៤០ ទៅ៥០នាក់ ដែលជាអ្នកគាំទ្រខាងព្រះសង្ឃឈ្មោះ សាយ ស៊ុយសែ បានលើគ្នាមកតវ៉ាបណ្តេញព្រះសង្ឃព្រះនាម ពក សុខហេង ជាចៅអធិការវត្តស្លាកេតុនេះ និងព្រះសង្ឃមួយចំនួនទៀតចេញពីវត្តតែម្តង ដែលការតវ៉ានេះមានរូបជាហិង្សា រហូតដល់មានការចាក់សោកុដ និងវត្ត ព្រមជាមួយការផ្សារដែកលួសបន្លាបិទមិនឲ្យព្រះសង្ឃ ដែលត្រូវបានបណ្តេញចេញនោះចូលវិហារបានទៀតផង។

តាមរយៈរូបភាពទាំងនេះ បងប្អូនដែលជាអ្នកប្រព្រឹត្តអាចនឹងត្រូវមានទោសតាមផ្លូវច្បាប់ហើយ ព្រោះមិនមែនជាការគាំទ្ររបស់ពុទ្ធបរិស័ទចំពោះព្រះសង្ឃនោះទេ បានហួសក្លាយទៅជាអំពើហិង្សាដោយចេតនា ហើយទង្វើនេះប្រឈមនឹងបទល្មើសព្រហ្មទណ្ឌទៀតផង។

ទាក់ទងនឹងបញ្ហាតវ៉ាបែបហិង្សារបស់ប្រជាពលរដ្ឋខាងលើនេះដែរ មិនមែនត្រឹមខុសនឹងច្បាប់តែប៉ុណ្ណោះទេ តែបានធ្វើឲ្យខូចដល់តម្លៃព្រះពុទ្ធសាសនា បាត់បង់ជំនឿចិត្ត និងការគោរពដល់ព្រះសង្ឃដទៃទៀត ខណៈដែលការតវ៉ាដោយហិង្សានេះ មិនបានជួយអ្វីដល់តម្លៃព្រះពុទ្ធសាសនានោះទេ។

ចាស់ទុំព្រឹទ្ធាចារ្យ មហាជនស្រុកស្អាង សូមសំណូមពរពលរដ្ឋដែលបានចូលរួមធ្វើការតវ៉ាកន្លងទៅ ត្រូវបញ្ឈប់សកម្មភាពខ្លួនជាបន្ទាន់ ដើម្បីកុំឲ្យខ្លួនត្រូវទទួលទោសព្រហ្មទណ្ឌតាមផ្លូវច្បាប់ និងទុកការដោះស្រាយបញ្ហានេះឲ្យអាជ្ញាធរ និងមន្ត្រីសង្ឃដោះស្រាយ​វិញ ទើបត្រឹមត្រូវតាមផ្លូវច្បាប់៕