(ភ្នំពេញ)៖ អនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា សមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ «គំរាមកំហែងថានឹងសម្លាប់ និងរំលោភលើទំនុកចិត្ត»

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៉េង រដ្ឋា អាយុ៣៧ឆ្នាំ រស់នៅភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។

បើតាមសមត្ថកិច្ច, កាលពីអំឡុងខែកក្ដដា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ ប៉េង រដ្ឋា បានទៅទំនាក់ទំនងជនរងគ្រោះ ដើម្បីខ្ចីប្រាក់ចំនួន ៣៥,០០០ដុល្លារ យកទៅទិញដីឡូតិ៍មួយកន្លែងយកទៅលក់បន្តយកចំណេញ និងសន្យាថាសងប្រាក់នោះត្រលប់ទៅជនរងគ្រោះវិញក្នុងពេលឆាប់ៗ។

ដោយមានការជឿជាក់លើការលួងលោមលើជនសង្ស័យ និងជាមនុស្សដែលរាប់អានគ្នាផង ទើបជនរងគ្រោះព្រមប្រគល់លុយចំនួន ៣៥,០០០ដុល្លារ ទៅឱ្យជនសង្ស័យឈ្មោះ ប៉េង រដ្ឋា។ រយៈពេលជាច្រើនខែ មិនឃើញជនសង្ស័យសងប្រាក់ត្រលប់ទៅខ្លួនវិញ ទើបជនរងគ្រោះសម្រេចចិត្តទំនាក់ទំនងទៅជនសង្ស័យតាមរយៈសារបណ្ដាញសង្គម ប៉ុន្តែត្រូវបានជនសង្ស័យគំរាមសម្លាប់ចោល ដើម្បីបំបិតមាត់។

ដោយសារតែជនរងគ្រោះ ពុំអាចទទួលយកបានចំពោះទង្វើរបស់ជនសង្ស័យទើបសម្រេចចិត្ត ដាក់ពាក្យប្ដឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យជួយរកយុត្តិធម៌តាមផ្លូវច្បាប់។

ជនរងគ្រោះ សូមសំណូមពរស្ថាប័នតុលាការមេត្តាជួយរកយុត្តិធម៌ និងផ្តន្ទាទោសជនសង្ស័យទៅតាមផ្លូវច្បាប់ជាធរមាន៕