(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដឹកនាំដោយប្រតិភូជប៉ុនដឹកនាំដោយលោក SANJO AKIHITO អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែក្នុងតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីក ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
ការរៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែក្នុងតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីក ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយពង្រីកសក្តានុពលនៃប្រព័ន្ធឡូជីស្ទីកនៅកម្ពុជាឱ្យបានកាន់តែល្អ និងមានគុណភាពល្អប្រសើរ សំដៅបង្កើនសមត្ថភាពនៃប្រតិបត្តិការ និងសេវាកម្មរបស់កំពង់ផែក្រុងព្រះសីហនុ ឱ្យកាន់តែធំ និងខ្លាំងក្លាជាងមុន ដែលនឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូននៅកម្ពុជា និងពង្រឹងឧត្តមភាពប្រកួតប្រជែងជាមួយកំពង់ផែធំៗ ក្នុងតំបន់ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា ស្របតាមចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០៕