អាជ្ញាធរកម្ពុជា-ថៃ ជាប់ព្រំដែន រៀបចំពិធីស្រង់ព្រះ ស្រោចទឹកសុំពរជ័យ និងរាប់បាត្រព្រះសង្ឃរួមគ្នា នៅច្រកទ្វារអន្តរជាតិជាំ ឆ្លងពិធីបុណ្យចូលឆ្នាំថ្មី
25-04-2025 14:36
(ឧត្តរមានជ័យ)៖ អាជ្ញាធរខេត្តឧត្តរមានជ័យ និងអាជ្ញាធរខេត្តស៊ីសាកេត ប្រទេសថៃ នៅព្រឹកថ្ងៃ២៥ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីស្រង់ព្រះ ស្រោចទឹកសុំពរជ័យ និងបាត្រព្រះសង្ឃរួមគ្នា ឆ្លងពិធីបុណ្យចូលឆ្នាំថ្មី នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ពិធីនេះភាគីកម្ពុជាដឹកនាំដោយលោក អ៊ុន សុភ័ក្រ អភិបាលរងខេត្តឧត្តរមានជ័យ តំណាងលោក មាន ចាន់យ៉ាដា អភិបាលខេត្ត ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រះសង្ឃ ប្រជាពលរដ្ឋ។
ដោយឡែកភាគីខេត្តស៊ីសាកេត ប្រទេសថៃ ដឹកនាំដោយលោកស្រី ឈុន ម៉ាណាត់ រ័ត្នប៊ុនថាំ អភិបាលរងខេត្តស៊ីសាកេត ព្រមទាំងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
ការរៀបចំពិធីស្រង់ព្រះ ស្រោចទឹកសុំពរជ័យ និងរាប់បាត្រព្រះសង្ឃរួមគ្នា នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ឆ្លងពិធីបុណ្យចូលឆ្នាំថ្មី រវាងអាជ្ញារខេត្តឧត្តរមានជ័យ និងអាជ្ញាធរខេត្តស៊ីសាកេត នាឱកាសនេះ គឺក្នុងគោលបំណង រឹតចំណងមេត្រីភាព សាមគ្គីភាព រវាងអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋ ជាប់ព្រំដែននៃប្រទេសទាំង២ ដែលជាប្រពៃណីតែងធ្វើរួមគ្នាប្រកបដោយលក្ខណៈរីករាយស្និទស្នាលក្រៃលែង៕