(តាកែវ)៖ រោងចក្រផលិតចានជ័រមួយកន្លែង ស្ថិតនៅក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ត្រូវបានអគ្គិភ័យឆាបឆេះនៅព្រឹកថ្ងៃសុក្រទី២៥ ខែមេសា ឆ្នាំ២០២៥ ដោយមិនទាន់ដឹងមូលហេតុ។

លោក ភួន ឈីម អភិបាលស្រុកបាទី បានថ្លែងថា រោងចក្រដែលផលិតចានជ័រនេះឈ្មោះ ហុង ហ្វាផ្លាស្ទិច មានកម្មករបំរើការចំនួន៨៥នាក់ ត្រូវបានត្រូវអគ្គិភ័យឆាបឆេះលេបត្របាក់អស់អគារមួយខ្នង ទំហំ ១២០០ម៉ែត្រការ៉េ ខណៈអគារ២ផ្សេងទៀត ដែលនៅជិតគ្នាមិនមានការឆេះរាលដាលនោះទេ។

បើតាមអភិបាលស្រុកបាទី ករណីអគ្គិភ័យនេះ កម្លាំងជំនាញបង្ការពន្លត់អគ្កិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងបណ្ដាស្រុកផ្សេងៗ បានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿងអន្តរាគមន៍បាញ់ពន្លត់ នៅកន្លែងកើតហេតុ និងអាចគ្រប់គ្រងទាំងស្រុង មិនឲ្យអគ្គិភ័យនេះឆេះរីករាលដាទៅកន្លែងផ្សេងនោះទេ។

តែទោះជាយ៉ាងណា លោកអភិបាលស្រុក បានលើកឡើងថា គេនៅមិនទាន់ដឹងពីមូលហេតុ នៃការឆាបឆេះនេះនៅឡើយទេ៕