(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ភាគីកម្ពុជា និងហុងគ្រី គ្រោងនឹងចុះហត្ថលេខា នៃអនុស្សារណៈយោគយល់គ្នា ស្តីពីការពិគ្រោះយោបល់ទៅវិញទៅមក រវាងក្រសួងការបរទេសប្រទេសទាំងពីរ ក្នុងពេល ដ៏ខ្លីខាងមុខនេះ ក្នុងគោលដៅពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។ នេះបើតាមការឲ្យដឹងពី លោក ជុំ សន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស។
លោក ប្រាក់ សុខុន បានបញ្ជាក់បែបនេះ នៅក្នុងជំនួបពិភាក្សាការងារ និង អនុញ្ញាតឱ្យលោក Csaba Ory ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក ជុំ សន្ទរី បញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបនេះថា ភាគីកម្ពុជា និងហុងគ្រី កំពុងតែពង្រឹងពង្រីកកិច្ចសហប្រតិបត្តិភាគី ជាមួយគ្នាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ បច្ចុប្បន្ននេះ កម្ពុជា និងហុងគ្រី មានទំនាក់ទនងគ្នាលើការអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្ម ទេសចរណ៍ សេដ្ឋកិច្ចជាដើម។
លោក ជុំ សន្ទរី បានបន្ថែមថា នៅថ្ងៃទី២៣-២៤ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ ភាគីហុងគ្រី នឹងបញ្ចូនប្រមុខទីប្រឹក្សា របស់រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រីមកកម្ពុជា ដើម្បីពិភាក្សាការងារ ស្តីពីការពង្រឹងកិច្ចសហការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម។
នៅក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានស្វាគមន៍ ចំពោះគម្រោងនៃដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំហុងគ្រីមកកាន់កម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។ លោក ប្រាក់ សុខុន បាន អះអាងថា នៅពេលឆាប់ៗខាងមុខនេះ ក្រសួងការបរទេសកម្ពុជា ក៏គ្រោងនឹងបញ្ចូនមន្រ្តីជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ច នៅហុងគ្រីដើម្បីចុះអនុស្សារណៈ នៃការយោគយល់គ្នាជាមួយភាគីហុងគ្រី៕