(ម៉ាឡេស៊ី)៖ តបតាមការអញ្ជើញរបស់លោក Dato Sri Tiong King Sing ប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Council) ឆ្នាំ២០២៥ និងជារដ្ឋមន្ត្រីទេសចរណ៍ សិល្បៈ និងវប្បធម៌របស់ម៉ាឡេស៊ី, លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមកិច្ចប្រជុំ ASCC Council លើកទី ៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុង Kuching រដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Dato Sri Tiong King Sing ប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Council) ឆ្នាំ២០២៥ និងជារដ្ឋមន្ត្រីទេសចរណ៍ សិល្បៈ និងវប្បធម៌របស់ម៉ាឡេស៊ី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញអាទិភាពរបស់ ASCC ក្នុងឆ្នាំ២០២៥ រួមទាំង ផែនការយុទ្ធសាស្ត្ររបស់ ASCC ផងដែរ។
នៅព្រឹកថ្ងៃដដែល បណ្ឌិត កៅ គឹមហួន រួមជាមួយបណ្ដារដ្ឋមន្ត្រីក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Council) បានចូលជួបសំដែងការគួរសមចំពោះ លោក Datuk Patinggi Tan Sri (Dr) Abang Haji Abdul Rahman Zohari bin Tun Datuk Abang Haji Openg នាយករដ្ឋមន្ត្រីរដ្ឋ Sarawak របស់ម៉ាឡេស៊ី នៅមុនពេលពិធីបើកកិច្ចប្រជុំ ASCC Council លើកទី ៣៣។
បណ្ដារដ្ឋមន្ត្រី បានសំដែងនូវការថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលរដ្ឋ Sarawak សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ ចំពោះគណៈប្រតិភូទាំងអស់ ព្រមទាំងបានកោតសរសើរ ម៉ាឡេស៊ី ចំពោះតួនាទីយ៉ាងសកម្មក្នុងការដឹកនាំអាស៊ាននៅឆ្នាំនេះផងដែរ។
បណ្ឌិត កៅ គឹមហួន ក៏បានបន្ដអញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Council) លើកទី ៣៣ រួមជាមួយលោក Datuk Patinggi Tan Sri (Dr) Abang Haji Abdul Rahman Zohari bin Tun Datuk Abang Haji Openg នាយករដ្ឋមន្ត្រីរដ្ឋ Sarawak របស់ម៉ាឡេស៊ី ព្រមទាំងលោក Dato Sri Tiong King Sing ប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Council) ឆ្នាំ២០២៥ និងជារដ្ឋមន្ត្រីទេសចរណ៍ សិល្បៈ និងវប្បធម៌របស់ម៉ាឡេស៊ីផងដែរ។
នៅក្នុងសន្ទរកថា អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីតួនាទីដ៏មានសារៈសំខាន់នៃផែនការយុទ្ធសាស្ត្ររបស់ ASCC ក្នុងការរៀបចំបរិយាកាសសង្គម-វប្បធម៌ របស់តំបន់នាពលេអនាគត។
បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Council) លើកទី ៣៣។
កិច្ចប្រជុំនេះ បានពិភាក្សាជុំវិញទិសដៅជាយុទ្ធសាស្ត្ររបស់ ASCC ដើម្បីធានាបាននូវអាស៊ានមួយដែលមានភាពធន់ មានបរិយាប័្នន មានភាពស្វាហាប់ និងមានចីរភាព ព្រមទាំងបានផ្លាសប្តូរទស្សនៈស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្ររបស់ ASCC ដែលនឹងជាផ្នែកមួយដ៏សំខាន់របស់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។
កិច្ចប្រជុំនេះ ក៏បានធ្វើការអបអរសាទរការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីនៅឆ្នាំ២០២៥ ថែមទាំងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការគាំទ្រអាទិភាពរបស់ ASCC នៅឆ្នាំនេះផងដែរ។ កិច្ចប្រជុំនេះ ក៏មានការដាក់ឱ្យដំណើរការបឋម នៃផែនការយុទ្ធសាស្ត្រ ASCC ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ ASCC ក្នុងការធ្វើឱ្យប្រសើរឡើងនូវតម្លៃ និងសុខុមាលភាពរបស់ប្រជាជនអាស៊ានផងដែរ។
នៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុង Kuching រដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូលរួមពិធីជប់លៀងនៃ កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Council) លើកទី ៣៣។ ពិធីជប់លៀងនេះ ដែលរៀបចំដោយរដ្ឋាភិបាលរដ្ឋ Sarawak គឺជាវេទិកាដើម្បីធ្វើការពិភាក្សា យ៉ាងត្រង់ទៅត្រង់មក ព្រមទាំងជួយបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងចំណោមបណ្តារដ្ឋមន្ត្រី ASCC Council និងអ្នកចូលរួមទាំងអស់៕