(ភ្នំពេញ)៖ សំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាប់ចោទពីបដិសេធក្នុងការចូលខ្លួន នឹងត្រូវសាលាឧទ្ធរណ៍ បើកសវនាការនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦។ នេះបើតាមមន្ត្រីសាលាឧទ្ធរណ៍បញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះ។
ជាមួយគ្នានេះតុលាការកំពូល នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ក៏នឹងប្រកាសសាលដីកាសំណុំរឿងលោក កឹម សុខា ផងដែរ ចំពោះបណ្តឹងសុំមោឃភាពនីតិវិធីរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
មន្ត្រីសាលាឧទ្ធរណ៍ បង្ហើបឲ្យដឹងថា កម្មវត្ថុសំខាន់នៃសវនាការនេះ គឺជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍របស់ក្រុមមេធាវីការពារក្ដីលោក កឹម សុខា ដែលមិនសុខចិត្តនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលោក កឹម សុខា រយៈពេល៥ខែ និងពិន័យជាប្រាក់ចំនួន៨០ម៉ឺនរៀល។
សូមជំរាបថា លោក កែវ មុនី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា ផ្តន្ទាទោស៥ខែ និងពិន័យជាប្រាក់ចំនួន៨សែនរៀល ក្រោមការចោទប្រកាន់ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលតុលាការ ចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។
តុលាការរកឃើញថា លោក កឹម សុខា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ព្រោះខកខានពីរលើកក្នុងនាមជាសាក្សី ចូលបំភ្លឺតុលាការ ពាក់ព័ន្ធបទល្មើសសញ្ចារកម្មដែលមានអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ជាជនរងគ្រោះ៕