(ភ្នំពេញ)៖ លោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ជួបសំណេះសំណាល និងទទួលថវិកាពីនាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ តំណាងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ដែលបានដឹកនាំប្រតិភូនាំយកថវិកាចំនួន ១៦៦,១៣០,០០០រៀល ដែលទទួលបានពីវិភាគទានប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់នាយទាហាន នាយទាហានរង និងពលទាហាន មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្នុងការខិតខំស្វះស្វែងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការប្រមូលវិភាគទានជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជាប្រយោជន៍ដល់កុមារកម្ពុជារាប់លាននាក់ ដែលនេះជាសក្ខីភាពដ៏សំខាន់បំផុតមួយ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជាមន្ទីរពេទ្យគន្ធបុប្ផា។

សូមជម្រាបជូនថា ចាប់តាំងពីមូលនិធិប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ កន្លងមក, អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានចូលរួមបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជារៀងរាល់១ត្រីមាសម្តងប្រចាំឆ្នាំ ដោយ១ត្រីមាស ចូលរួមបរិច្ចាគប្រមាណ ១៦៦ លានរៀល និងក្នុង១ឆ្នាំប្រមាណ ៦០០លានរៀល៕