(រ៉ូម)៖ អ៊ីតាលីត្រូវបានរាយការណ៍ថា នឹងមិនចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នោះទេ ប្រសិនបើលោកសម្រេចចិត្តចូលរួមក្នុងពិធីបុណ្យសពរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស (Pope Francis) នាពេលអនាគត បើទោះបីជាមានដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក៏ដោយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៊ីតាលី និងចុះផ្សាយបន្តដោយសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥។

យោងតាមសេចក្តីរាយការណ៍ដដែល រដ្ឋាភិបាលអ៊ីតាលី ហាក់ដូចជាបានសម្រេចចិត្តមិនបញ្ជូនដីកាចាប់ខ្លួនរបស់ ICC ទៅកាន់អាជ្ញាធរយុត្តិធម៌របស់ខ្លួននោះទេ ដែលជាហេតុធ្វើឲ្យដីកានោះត្រូវបានចាត់ទុកជាមោឃៈ ឬគ្មានអានុភាពអនុវត្តនៅក្នុងប្រទេសអ៊ីតាលី។

គួរបញ្ជាក់ថា ក្នុងនាមជាសមាជិក ICC ប្រទេសអ៊ីតាលីមានកាតព្វកិច្ចផ្លូវច្បាប់ក្នុងការចាប់ខ្លួនបុគ្គលដែលមានដីការបស់តុលាការនេះ។ ការសម្រេចចិត្តមិនអនុវត្តតាមកាតព្វកិច្ចនេះ ប្រសិនបើពិតមែន អាចនឹងបង្កជាសំណួរផ្នែកច្បាប់ និងការទូតជាអន្តរជាតិ៕