Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋខ្មែរជាង៧ម៉ឺននាក់ មានផ្ទុកមេរោគអេដស៍ ខណៈជាង៥ម៉ឺននាក់ បានទទួលការថែទាំងសុខភាព

03-11-2016 14:20

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជា ជាង៧ម៉ឺននាក់ ដែលកំពុងផ្ទុកមេរោគអេដស៍ ខណៈដែលពលរដ្ឋជាង៥ម៉ឺននាក់ហើយ បានទទួលការថែទាំសុខភាព ជាប្រចាំពីគ្រូពេទ្យជំនាញ​។

ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្ត្រី ធ្វើនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងសិក្ខាសាលា ស្ដីពីការបញ្ជ្រាបសារអប់រំអំពី មេរោគអេដស៍ និងជំងឺអេដស៍ ដល់សិល្បករ និងអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលរៀបចំឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២។

ទេសរដ្ឋមន្ដ្រី អៀ មូលី បានបញ្ជាក់ថា «សព្វថ្ងៃនេះ យើងមានអ្នកជំងឺផ្ទុកមេរោគអេដស៍ ៧៤,០០០នាក់ ហើយដែលមកទទួល សេវាថែទាំ មានតែ ៥៥,០០០នាក់តែប៉ុណ្ណោះ ហើយនៅសល់១៩,០០០នាក់ទៀត ដែលពួកគាត់មិនទាន់ចូលមក ទទួលសេវាថែទាំងនៅឡើយទេ ហើយនេះជាការព្រួយបារម្មណ៍របស់មន្ដ្រីជំនាញ ប៉ុន្ដែប្រសិនបើពួកគាត់បាន ទៅទទួលសេវានៅថែទាំដោយខ្លួនឯង វាមិនបញ្ហានោះទេ អ្វីដែលបញ្ហាគឺពួកគាត់មិនចូល មកទទួលសេវាថែទាំ»

លោកទេសរដ្ឋមន្ដ្រី បានធ្វើការអំពាវនាវ ឲ្យប្រជាពលរដ្ឋដែល មានផ្ទុកមេរោគអេដស៍ សូមចូលមកទទួលសេវាថែទាំ ហើយមិនត្រូវ ខ្មាសអៀននោះទេ ព្រោះគ្រូពេទ្យជំនាញនឹងរក្សាការសម្ងាត់ជូនជានិច្ច។ បន្ថែមពីនេះ លោកប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជំរុញឲ្យប្រជាពលរដ្ឋ ជាពិសេសយុវវ័យ ត្រូវតែចេះការពារខ្លួនពីជំងឺអេដស៍ ហើយត្រូវប្រើប្រាស់ស្រោមអនាម័យ នៅគ្រប់ពេលរួមភេទ៕