(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី លោក ភីដក សុខសុវត្ថិ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៣-២៤ ខែមេសា ឆ្នាំ២០២៥។
ក្រសួងការបរទេសកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចនេះ គឺជាការបោះជំហានដ៏សំខាន់ថ្មីមួយ ក្នុងការពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពដ៏យូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងថៃ ស្របពេលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំនេះ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពវិញ្ញាណក្ខន្ធវីរៈបុរស និងវីរនារីដ៏ឆ្នើមរបស់កម្ពុជា។ លោកស្រីនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ» ព្រះវររាជបិតាជាតិខ្មែរ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីនាយករដ្ឋមន្ត្រី និងលោក ភីដក សុខសុវត្ថិ បានចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រីនាយករដ្ឋមន្ត្រី បានចូលជួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ខាងក្រោមនេះជាលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជា៖