(ព្រៃវែង)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង ដឹកនាំដោយលោក តូច ចៅកុយ អនុប្រធានកាំកុងត្រូល នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត នគរបាលសេដ្ឋកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យនិងណែនាំ ដល់អាជីវករលក់ដូរទំនិញ នៅផ្សារព្រៃវែង សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយរកឃើញទំនិញ ខូចគុណភាពជាច្រើនមុខ។
លោក តូច ចៅកុយ បានឲ្យដឹងថា ដោយមានការណែនាំពីលោក អ៊ុត សុភាព ប្រធានសាខាកាំកុងត្រូលខេត្ត មន្រ្តីរបស់លោក បានសហការជាមួយមន្ទីរពាណិជ្ជកម្ម នគរបាលសេដ្ឋកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះណែនាំត្រួតពិនិត្យនេះ ទៅលើម្ហូបអាហារ និងគ្រឿងកំប៉ុង ដោយរកឃើញទំនិញជាច្រើនមុខ ហួសកាលបរិច្ឆេទ និងខូចទ្រង់ទ្រាយដើម។
លោកអនុប្រធានបានបន្តថា ជាលទ្ធផលក្រុមការងារ បានរឹបអូសទឹកក្រូច ចំនួន១០២០ដប ស្ករគ្រាប់៣៧ កញ្ចប់ ម៉ាការីន ៤កំប៉ុង ទឹកស៊ីអ៊ីវ ៤ដងនំចម្រុះ កាហ្វេ តែបៃតង ត្រីខកំប៉ុង ខូចទ្រង់ទ្រាយដើម ទឹកស៊ីរ៉ូ ១៦ដង ស្រាបៀក្រោន ១៦កំប៉ុង យកទៅរក្សាទុក ដើម្បីធ្វើការកំទេចចោល ។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីបរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយ បន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ ។
ទន្ទឹមនឹងនេះ ក្រុមការងារបានធ្វើការណែនាំ ដល់អាជីវករឲ្យជៀសវៀង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំ អាជីវករឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាសផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ជៀសវៀងនូវការដាក់តាំង លក់ទំនិញហួស កាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រែះស៊ីស និងទំនិញដែលមានសារធាតុគីមីហាមឃាត់ ។
មន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរនិងចែកចាយ តែទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕