(ភ្នំពេញ)៖ សមត្ថកិច្ចខណ្ឌកំបូល បានចុះនាំសិស្សសាលាប្រុសស្រីចំនួន៥នាក់ យកទៅអប់រំណែនាំ ក្រោយពួកគេប្រមូលផ្តុំគ្នាមិនចូលសាលា កាលពីម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅបុរីឡេងណាវ៉ាត់ត្រា ភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានឲ្យដឹងថា មុនឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានចុះល្បាតក្នុងមូលដ្ឋាន ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈល្បាតទៅដល់ចំណុចខាងលើ ក៏ឃើញមានសិស្សានុសិស្ស ចំនួន៥នាក់ (ស្រី៤នាក់) កំពុងអង្គុយនៅក្នុងកញ្ចុះដីឡូតិ៍ឡេងណាវ៉ាត់ត្រា និងម៉ូតូចំនួន៣គ្រឿង ពេលនោះកម្លាំងសមត្ថកិច្ចបាននាំសិស្សានុសិស្សទាំងនោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូលធ្វើការអប់រំ។

ក្រោយពីអប់រំណែនាំរួចហើយ សមត្ថកិច្ចក៏បានហៅអាណាព្យាបាល សិស្សសានុសិស្សទាំងនោះឲ្យមកធានា ដើម្បីយកទៅអប់រំ ណែនាំនៅផ្ទះបន្តទៀត៕