(ភ្នំពេញ)៖ ក្រុមកំប្លែងនាយពែកមី និងតារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មសាន់ដេ លោក ខេមរៈ សេរីមន្ដ បានត្រៀមខ្លួនជាសម្រេច ដើម្បីចូលរួមពិធីបិទ ការប្រកួតកីឡាជាតិ លើកទី១ ដែលនឹងធ្វើឡើងនៅរសៀលថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកាចុងសប្ដាហ៍នេះ ដើម្បីឲ្យកាន់តែកក្រើកទៀត។ នេះបើយោងតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
អគ្គលេខាធិការដដែលបានបញ្ជាក់ថា «បទចម្រៀងរបស់លោក ខេមរៈ សេរីមន្ដ ដែលត្រៀមលើកមកច្រៀងក្នុងឱកាសដ៏អស្ចារ្យ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងនោះរួមមានបទ (យុវជនក្នុងក្ដីសង្ឃឹម, កីឡាជាតិយើង និងបទ បេះដូងអ្នកប្រដាល)។ ប៉ុន្ដែនៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកានេះ លោក ខេមរៈ សេរីមន្ដ នឹងបង្ហាញវត្តមានលើទីលានពហុកីឡដ្ឋានជាតិ ដើម្បីហាត់សម មុនពិធីបិទការប្រកួតកីឡាជាតិផ្លូវការនាចុងសប្ដាហ៍នេះ»។
លោក វ៉ាត់ ចំរើន បានបន្ដថា ក្រៅពីវត្តមានកំពូលតារាងចម្រៀងរាងសង្ហារលោក ខេមរៈ សេរីមន្ដ ក៏មានការចូលរួមពីក្រុមកំប្លែងនាយពែកមី និងក្រុមសិល្បៈ អាណាចក្រតន្ដ្រី រួមទាំងការបង្ហាញនូវក្បួនក្រុមប្រភេទកីឡា និងក្រុមអ្នកស្ម័គ្រចិត្ត ពិសេសគឺការសម្ដែងនូវភ្លើងពណ៌ អមដោយការបាញ់ភ្លើងឡាស៊ែរ (Laser) បង្ហាញពីសកម្មភាពដ៏អស្ចារ្យរាល់សកម្មភាព នៃការប្រកួតរបស់ទាំង១៥ប្រភេទកីឡា ដែលបានចូលរួមប្រកួតយ៉ាង សកម្មក្នុងព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ដ្រ លើកទី១ នេះទៀតផង។
ទោះជាយ៉ាងណា លោកក៏បានធ្វើការអំពាវនាវដល់មហាជន និងប្រជាពលរដ្ឋគ្រប់វ័យ សូមមេត្ដាចូលរួមគាំទ្រពិធីបិទ ការប្រកួតកីឡាជាតិនេះឲ្យបានច្រើនកុះករ ហើយការចូលរួម គឺមិនមានការលក់សំបុត្រអ្វីឡើយ ដើម្បីរួមចំណែកលើកស្ទួយ និងអភិវឌ្ឍន៍វិស័យកីឡាជាតិឆ្ពោះទៅ SEA Games លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះ។ ហើយលោកក៏បានអះអាងផងដែរថា ពិធីបិទនេះនឹងរៀបចំកាន់តែអស្ចារ្យ មិនចាញ់ពិធីបើកការប្រកួតផ្លូវការកាលពីថ្ងៃទី២៨ ខែតុលាកន្លងទៅឡើយ៕