(កោះកុង)៖ អាជ្ញាធរសវនកម្មជាតិ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាសព្វផ្សាយ «ច្បាប់ស្ដីពីសវនកម្ម និងស្តង់ដាសវនកម្មសាធារណៈ» ជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៅតាមមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំក្រុង/ស្រុក/និង/ឃុំសង្កាត់ នៃរដ្ឋបាលខេត្តកោះកុង។
ពិធីនេះ ត្រូវបានរៀបចំក្រោមអធិបតី លោកបណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររងនៃអាជ្ញាធរជាតិ, លោក វ៉ាស៊ិន ភីរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ឈិន រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងសមាជិសមាជិកក្រុង ស្រុក ឃុំ សង្កាត់ សរុបចំនួន៩៧រូប នៅសាលាមហោស្របខេត្តកោះកុង។
ថ្លែងទៅកាន់អង្គពិធី លោក ឈិន រតនៈ បានមានមតិស្វាគមន៍យ៉ាងកកក្តៅព្រមទាំងបានកត់សម្គាល់ថា សម្រាប់រដ្ឋបាលខេត្តកោះកុង ការរៀបចំឲ្យមានអង្គសិក្ខាសាលានាពេលនេះ គឺជាឱកាសដ៏វិសេសមួយក្នុងការស្វែងយល់អំពី «ច្បាប់ស្ដីពីសវនកម្ម និងស្តង់ដាសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា»។
អង្គសិក្ខាសាលានេះ លោកបណ្ឌិតអ៊ុក សារ៉ាវុធ បានមានប្រសាសន៍គូសបញ្ជាក់ថា អង្គសិក្ខាសាលានាពេលនេះមានគោលដៅបញ្ជ្រាប និងបង្កើនការយល់ដឹងអំពីតួនាទី និងភារកិច្ចសវនកម្មផ្ទៃក្រៅរាជរដ្ឋាភិបាល ដែលអនុវត្តមុខងារនេះដោយអាជ្ញាធរសវនកម្មជាតិជូនដល់មន្ត្រីរាជការ ដែលបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទទួលបានការគាំទ្រនិងកិច្ចសហការកាន់តែប្រសើរ។
លោក បានបន្តថា យន្តការនេះនឹងជួយអាជ្ញាធរសវនកម្មជាតិ អនុវត្តការងារសវនកម្មប្រកបដោយគុណភាពខ្ពស់ ក្នុងការសម្រេចគោលបំណងធ្វើឲ្យមានអភិបាលកិច្ចល្អ និងចូលរួមចំណែកកាត់បន្ថយ និងទប់ស្កាត់នរកកំហុសឆ្គងលើការងារគ្រប់គ្រង នឹងប្រើប្រាស់ថវិកាជាតិការគ្រប់គ្រងធនធានទ្រព្យសម្បត្តិរដ្ឋ និងឈានទៅបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកបណ្ឌិត ឡុង អាទិច្ចបូរា អគ្គលេខាធិការ និងជាគ្រូឧទ្ទេសនីអាជ្ញាធរសវនកម្មជាតិ បានធ្វើបទឧទ្ទេសនាមស្ដីពី «ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា» ដោយលោកបានកំណត់លើ ៣ចំណុចសំខាន់ៗរួមមាន៖
ទី១៖ គោលបំណងនៃការផ្សព្វផ្សាយច្បាប់ស្ដីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ
ទី២៖ ខ្លឹមសារនៃច្បាប់ស្ដីពីសវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា
ទី៣៖ ខ្លឹមសារនៃស្តង់ដាសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីថ្នាក់ក្រុង/ស្រុក/សង្កាត់/ឃុំទាំងអស់ ចំណុះរដ្ឋបាលខេត្ត ក៏ដូចតំណាងក្រុមហ៊ុនសម្បទានមួយចំនួនផងដែរ។
សូមជម្រាបថា អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នសាធារណៈឯករាជ្យអំពីកិច្ចប្រតិបត្តិការការងារ និងមានភារកិច្ចធ្វើការត្រួតពិនិត្យ និងដល់អនុសាសន៍កែលម្អលើរាល់ចំណុចខ្វះខាតរបស់អង្គភាពរងសវនកម្ម ព្រមទាំងផ្ញើរបាយការណ៍សវនកម្មជូនស្ថាប័ននីតិប្បញ្ញត្តិ ពោលគឺរដ្ឋសភាព្រឹទ្ធសភា និងចម្លងជូនរាជរដ្ឋាភិបាល ហើយរបាយការណ៍សវនកម្មត្រូវបានផ្សព្វផ្សាយជាសាធារណៈ៕