(ភ្នំពេញ)៖ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោក កឹម ស៊ីថន បានថ្លែងថា ការនាំចេញក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលកំពុងកើនឡើង បានរួមចំណែក ក្នុងការជួយជ្រោមជ្រែង សម្រាប់ការរីកចំរើនក្នុងវិស័យផ្សេងៗ។
លោក កឹម ស៊ីថន បានថ្លែងក្នុង សិក្ខាសាលាសម្រាប់ស្ថាប័នប្រកួតប្រជែង ដែលទើបបង្កើតថ្មីក្នុងអាស៊ាន នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ថា ទោះបីជាវិស័យទាំងពីរ បានជួយជ្រោមជ្រែងយ៉ាងណាក៏ដោយ ប៉ុន្តែក៏មិនអាចពឹងផ្អែកទាំងស្រុងបានទេ។
លោកបន្តថា «យើងមិនអាចពឹង ផ្អែកលើតែវិស័យពីរនេះបានទេ ។ ការអភិវឌ្ឍន៍បរិយាកាសធុរកិច្ច ទាំងមូលអាច ជម្រុញឲ្យមានការប្រកួតប្រជែង លើគ្រប់វិស័យលើផលិតផល ជាមូលដ្ឋាននិងលើពិពិធកម្មទីផ្សារ (ធ្វើឲ្យមានភាពសម្បូបែប នៃផលិតផល និងសេវាកម្មលើទីផ្សារ) ហើយទន្ទឹមនឹងនេះ វាអាចជួយក្រុមហ៊ុន ក្នុងការរៀបចំជាមុនយ៉ាងល្អ សម្រាប់ទាញយកអត្ថប្រយោជន៍នានា ពីទីផ្សារតែមួយនិងផលិតកម្ម ជាមូលដ្ឋានដែលជាទិសដៅ ដូចបានកំណត់ដោយសហគមន៍សេដ្ឋកិច្ចអាស៊ាន»។
លោករដ្ឋលេខាធិការបន្ថែមថា បរិយាកាសប្រកួតប្រជែង ដ៏ត្រឹមត្រូវនឹងផ្តល់ ឲ្យក្រុមហ៊ុនបរទេសក្នុងការប៉ានស្មាននានាសម្រាប់ ការវិនិយោគ ក្នុងប្រទេសកម្ពុជានិងជម្រុញ ការច្នៃប្រឌិតហើយក្រុមហ៊ុន អាចមានលទ្ធភាព ច្រើនបន្ថែមក្នុងការប្រកួតប្រជែងក្នុងទីផ្សារ បរទេសផងដែរ ។ ខណៈក្រុមហ៊ុនកើនឡើង និងមានការរីកចំរើន យើងអាចឃើញលទ្ធផលតបមកវិញ គឺការកើនឡើងនូវចំនួនការងារ និងកំណើនសេដ្ឋកិច្ច។
លោកថា លទ្ធផលនៃការប្រកួតប្រជែង ដែលមានលក្ខណៈខ្លាំងក្លា នឹងនាំឲ្យមានទំនិញ ឬសេវាដែលមានគុណ ភាពប្រសើរជាងមុន ហើយជាពិសេស គឺមានតម្លៃទាបសម្រាប់ទំនិញ ឬសេវាចាំបាច់នានា។ និងអាចដំណើរការបានអាចធានា និងដឹកនាំយើងទាំងអស់គ្នា ទៅរកភាពរីកចំរើនបាននា ពេលអនាគតជាក់ជាមិនខាន។
លោកអះអាងថា គោលនយោបាយប្រកួតប្រជែងមានសារៈសំខាន់ ក្នុងការសម្រេចនូវលទ្ធផល ដោយធ្វើការរារាំង ការរួមបញ្ចូលគ្នា នូវធុរកិច្ច ដែលខុសច្បាប់និងអាចនាំទៅរកឯការធិភាព និងដោះស្រាយបញ្ហានានា ពាក់ព័ន្ធដល់សកម្មភាពឃុបឃិតគ្នា រវាងធុរកិច្ចឬ សកម្មភាពប្រើប្រាស់ អំណាចដោយបំពានរបស់ធុរកិច្ច ដែលមានអំណាចលើទីផ្សារនានា។
គោលនយោបាយប្រកួតប្រជែង មិនគ្រាន់តែជម្រុញក្នុងបង្កើតបរិយាកាស ពាណិជ្ជកម្មរឹងមាំដែលធ្វើឲ្យ សហគ្រាសធុនតូចអាចរីកចំរើន បាននិងធ្វើឲ្យមានកំណើន ការវិនិយោគដោយផ្ទាល់ពីបរទេស ព្រមទាំងជម្រុញ ការនាំចេញប៉ុណ្ណោះទេ វាថែមទាំងបានកាត់បន្ថយ ភាពក្រីក្រ ហើយអ្នកប្រើប្រាស់មានជំរើសផលិតផល និងសេវាកម្ម ដែលមានគុណភាពខ្ពស់ និងតម្លៃថោកសមរម្យ ហើយជាចុងក្រោយគឺ សេដ្ឋកិច្ចទាំងមូលអាច រីកចំរើនបាន។
លោកបញ្ជាក់ថា «ដូចយើងឃើញជាក់ស្តែង ការហូរចូលនូវការវិនិយោគ ដោយផ្ទាល់ពីបរទេស បានឈានដល់ ចំណុចខ្ពស់ជា ប្រវត្តិសាស្រ្ត នៅក្នុងឆ្នាំ២០១៥- ប្រមាណ១.៨ ប៊ីលានដុល្លារអាមេរិក (ឬ១០% នៃGDP) ក្នុងឆ្នាំ២០១៥»៕