(សាធារណរដ្ឋតួកគីយ៉េ)៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យ Cappadocia នឹងបង្កើតកិច្ចសហប្រតិបត្តិលើ វិស័យទេសចរណ៍ តាមរយៈគម្រោងចុះអនុស្សារណៈនៃការយោគយល់គ្នា សំដៅលើការចែករំលែកនូវបទពិសោធ និងការបណ្តុះបណ្តាលរយៈពេលវែង និងខ្លី។

ការចុះអនុស្សារណៈនេះធ្វើឡើងតាមរយៈជំនួបដ៏សំខាន់ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកសាស្រ្តាចារ្យបណ្ឌិត Hasan Ali Karasar សកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Cappadocia ជួបពិភាក្សាការងារ ផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងការចែករំលែកនូវបទពិសោធរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តភាព បៃតង បរិយាប័ន្ន ព្រមទាំងទេសចរណ៍ដែលមានតម្លៃបន្ថែម នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងអ៊ីស្តែនប៊ុល សាធារណរដ្ឋតួកគីយ៉េ។

សូមបញ្ជាក់ថា លោកសាស្រ្តាចារ្យបណ្ឌិត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយរៀបចំផែនការទេសចរណ៍ និងគំនិតផ្តួចផ្តើមប្រកបដោយនិរន្តភាពសម្រាប់ក្រសួងទេសចរណ៍ និងវប្បធម៌តួកគីយ៉េ និងបណ្តាប្រទេសមួយចំនួនទៀត ហើយសាកលវិទ្យាល័យ Cappadocia ត្រូវបានចាត់ជាសកលវិទ្យាល័យនាំមុខគេ និងជោគជ័យមួយលើការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ជាន់ខ្ពស់ ដូចជា មគ្គុទេសក៏ទេសចរណ៍ បដិសណ្ឋារកិច្ច និងម្ហូបអាហារ៕