(ភ្នំពេញ)៖ បន្ទាប់ពីបានជួបជជែកគ្នា គណៈកម្មការរៀបចំបុណ្យសព និងសាលារាជធានីភ្នំពេញ បានឯកភាពរៀបចំបូជាសពលោក ប៉ែន សុវណ្ណ តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺគណបក្សសង្រ្គោះជាតិ នៅក្នុងបរិវេណវត្តនិរោធ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ នេះបើយោងតាមកំណត់ហេតុ របស់សាលារាជធានីភ្នំពេញ។
បើយោងតាមកំណត់ហេតុ ដែល Fresh News ទទួលបាន បានបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សានៅថ្ងៃម្សិលមិញនេះ លោក ឡុង រី តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងជាតំណាងគណៈកម្មការរៀបចំបុណ្យសពលោក ប៉ែន សុវណ្ណ បានបង្ហាញពីបំណងចង់បានការបូជាសពលោក ប៉ែន សុវណ្ណ នៅមុខវត្តបទុមវតីតាមបំណងក្រុមគ្រួសារសព។ បន្ទាប់ពីសាលារាជធានីភ្នំពេញ លោក ឡុង រី ក៏បានបង្ហាញបំណងចង់យកវត្តពោធិយ៉ារាម ហៅវត្តចាស់ ទីតម្កល់ធ្វើបុណ្យសពលោក កែម ឡី ដើម្បីបូជាសពលោក ប៉ែន សុវណ្ណ ផងដែរ។
សំណើយកវត្តចាស់សម្រាប់បូជាសព លោក ប៉ែន សុវណ្ណ នេះ ក៏ត្រូវបានបដិសេធផងដែរ។ លោក ឃួង ស្រេង អភិបាលរងសាលារាជធានីភ្នំពេញ បានពន្យល់ថា វត្តចាស់ ជាទីអារាមធម្មតាពុំមែនជាឈាបនដ្ឋានសម្រាប់បូជាសពនោះទេ ពោលពុំមានមេណសម្រាប់បូជាសពឡើយ។
លោក ឃួង ស្រេង បានណែនាំឲ្យរៀបចំពិធីបូជាសព លោក ប៉ែន សុវណ្ណ នៅវត្តនិរោធជំនួសវិញ ដោយសារវត្តនោះ មានកន្លែងសម្រាប់បូជា ហើយចម្ងាយផ្លូវធៀបនិងវត្តថាន់កន្លែងតម្កល់សពមានលក្ខណៈល្អប្រសើរជាងវត្តចាស់ផងដែរ។
ក្រោកិច្ចពិភាក្សា លោក ឡុង រី ដែលជាតំណាងគណៈកម្មការរៀបចំបុណ្យសព ក៏បានឯកភាពរៀបចំពិធីបុណ្យសពនៅក្នុងបរិវេណវត្តនិរោធ ស្ថិតនៅខណ្ឌច្បារអំពៅ។
បើតាមកំណត់ហេតុពិធីដង្ហែសពលោក ប៉ែន សុវណ្ណ ចេញពីវត្តថាន់ ទៅវត្តនិរោធ ត្រូវហែឆ្លងកាត់មហាវិថីព្រះនរោត្តម ឆ្លងកាត់ស្ពានអាកាសក្បាលថ្នល់ រួចបត់ត្រឡប់ក្រោយឡើងស្ពានព្រះមុនីវង្ស ត្រង់ចំណុចមុខរោងចក្របារីលុស្សហ្សារី រួចបន្តដំណើរតាមផ្លូវជាតិលេខ១ ឆ្ពោះទៅវត្តនិរោធ។
ក្នុងកំណត់ហេតុបានបញ្ជាក់ផងដែរថា ក្បួនដង្ហែសព គណៈកម្មការរៀបចំបុណ្យត្រូវទទួលខុសត្រូវចាត់ចែងដោយខ្លួនឯង ដោយឡែកសមត្ថកិច្ចនឹងជួយសម្របសម្រួលផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍។ ក្នុងករណីមានជនបង្កការអុកឡុក ត្រូវរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចាត់វិធានការឲ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា លោក ប៉ែន សុវណ្ណ ដែលជាអតីតនាយករដ្ឋមន្រ្តីក្នុងសម័យរដ្ឋកម្ពុជា បានទទួលមរណភាពកាលពីព្រលប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋានរបស់លោកក្នុងខេត្តតាកែវ។
សពរបស់លោកត្រូវបានដង្ហែមកតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនាវត្តថាន់ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី០២ ខែវិច្ឆិកា ម្សិលមិញនេះ។ សពរបស់លោក ប៉ែន សុវណ្ណ នឹងត្រូវបូជានៅថ្ងៃទី០៦ ខែវិច្ឆិកា៕