(ភ្នំពេញ)៖ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Hwang Myoungsuk អគ្គនាយកនៃអគ្គនាយកដ្ឋាននវានុវត្តន៍រដ្ឋាភិបាលនៃក្រសួងមហាផ្ទៃ និងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីបើកវេទិកា អភិបាលកិច្ចសាធារណៈ ស្តីពី “ការលើកកម្ពស់បរិវត្តកម្មឌីជីថលនិងកសាងសមត្ថភាពមន្ត្រីរាជការ” ដោយមានការអញ្ជើញចូលរួម ពីអ្នកបង្កើតគោលនយោបាយ និងអ្នកបច្ចេកទេសតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៨៥នាក់ នៅសណ្ឋាគារ Shangri-La ភ្នំពេញ។

វេទិកានេះរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រសួងមហាផ្ទៃ និងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងឧត្តមានុវត្តន៍បរិវត្តកម្មឌីជីថលក្នុងវិស័យអភិបាលកិច្ចសាធារណៈ ដើម្បីស្វែងយល់ពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតទាក់ទងនឹងបញ្ហាសង្គម កែលម្អការផ្តល់សេវាសាធារណៈ លើកកម្ពស់ទំនាក់ទំនងរដ្ឋាភិបាលនិងប្រជាពលរដ្ឋ សំដៅបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋ៕