(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគរបាលក្រុង នៅយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានធ្វើការបង្រ្កាបមុខសញ្ញាលក់ចែកចាយថ្នាំញៀន១ករណី នៅចំណុចក្រុមទី៨ ភូមិ២សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងដកហូតថ្នាំចំនួន៧កញ្ចប់ ដែលជនសង្ស័យម្នាក់ទើបចេញពីពន្ធនាគារ រឿងគ្រឿងញៀន។
ជនសង្ស័យទី១-ឈ្មោះស៊ឹម ដែន ឬ ឌី ស៊ីថា(ហៅរ៉ា) អាយុ៣៩ឆ្នាំទីលំនៅ នៅភូមិប្រាលឃុំតានីស្រុកអង្គរជ័យ ខេត្តកំពត មុខរបរមិនច្បាស់លាស់ និងទី២,ឈ្មោះលី ស្រីពៅ(ហៅម៉ីឡាង) ភេទស្រីអាយុ៣២ឆ្នាំជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលសង្កាត់លេខ២ ក្រុង/ ខេត្តព្រះសីហនុ មុខរបរមិនច្បាស់លាស់។
លោកវរសេនីយ៍ឯកស៊ុន សុផាតស្នងការរងទទួលផែនកណ្តាលនគរបាលប្រឆាំងបទល្មើស បានបញ្ជាក់បន្ថែមថា ឈ្មោះស៊ុម ដែន ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ ពីបទជួញដូរថ្នាំញៀន កាលពីជាង១ឆ្នាំមុន តែជននេះមិនរាងចាល ពេលចេញពីពន្ធនាគារវិញនៅបន្ត ធ្វើសកម្មភាពល្មើសដដែល។
សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបអំពើលក់ចែកចាយថ្នាំញៀននេះ បានធ្វើឡើងដោយមានការបញ្ជាណែនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ៕