(ព្រះវិហារ)៖ ​ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៦២គ្រួសារ និងជនងាយរងគ្រោះបំផុតចំនួន៣៨គ្រួសារទៀត រស់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមានលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងលោកស្រី ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ព្រមទាំងសមាជិកសមាជិកា គណៈកម្មាធិការ ក្រុមប្រតិបត្តិសាខា-អនុសាខាស្រុកជាំក្សាន្ត យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជាច្រើនរូបទៀត ដែលពិធីចែកអំណោយនេះ បានធ្វើឡើងក្នុងបរិវេណសាលាស្រុកជាំក្សាន្ត ស្ថិតក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ​។​

ក្នុងឱកាសនោះលោក យូ ឡាណា បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនទាំងអស់ដោយក្តីនឹកលឹក និងសូមសម្ដែងនូវការសោកស្ដាយចំពោះការបាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិ និងលំនៅដ្ឋានរបស់បងប្អូន ដែលបង្កឡើងដោយគ្រោះធម្មជាតិមានខ្យល់កន្ត្រាក់ និងផ្គររន្ទះ កាលពីថ្ងៃទី១២ ខែមេសាឆ្នាំ២០២៥កន្លងមកនេះ។

លោក យូ ឡាណា បានថ្លែងណែនាំអំពីការកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីផ្គររន្ទះ ដូចជាមិនត្រូវជ្រកក្រោមដើមឈើ ទីវាលឬវាលស្រែ។ លើសពីនេះទៀត «នៅដើមឆ្នាំ២០២៥ ប្រទេសកម្ពុជារបស់យើងប្រឈមការ ប្រែប្រួលអាកាសធាតុ ការកើនឡើងកម្តៅ ខ្យល់ពុល»។ លោកបានអំពាវនាវ បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រើថង់ប្រាស់ប្លាស្ទិក និងដុតសំរាមពាលវាលពាលកាល។

តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅឆ្នាំនេះអាចផ្ទុះជំងឺគ្រុនឈាម ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគ្នាបំបាត់ជម្រកមូសខ្លា នៅតាមសំបកកង់ឡាន-ម៉ូតូ និងកំប៉ុងចាស់ៗ ថ្លុកទឹក ឬវត្ថុដក់ទឹកផ្សេងទៀត និងត្រូវគេងក្នុងមុងជានិច្ច។

បច្ចុប្បន្ននេះ ក្រៅពីជំងឺឆ្លង ជំងឺមិនឆ្លងក៏ជាបញ្ហាចម្បងធំមួយរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល និងកាកបាទក្រហមកម្ពុជា បានធ្វើការផ្សព្វផ្សាយនៅជំងឺមិនឆ្លង៤មុខធំៗគឺ ជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺមហារីកជាដើម ដែលបង្កឡើងដោយការបរិភោគមិនបានត្រឹមត្រូវ ដូចជាបរិភោគផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹងជាដើម។

ថ្មីៗនេះកាកបាទក្រហមកម្ពុជា បានរៀបចំ និងអបអរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ដើម្បីកៀរគរមូលនិធិពីសប្បុរសជនគ្រប់មជ្ឈដ្ឋានឱ្យចូលរួមឧបត្ថម្ភ និងគាំទ្រដោយការស្ម័គ្រចិត្ត និងតាមសទ្ធាជ្រះថ្លា សម្រាប់ប្រតិបត្តិការមនុស្សធម៌របស់កាកបាទក្រហកម្ពុជា ជួយប្រជាពលរដ្ឋងាយរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង មិនទុកនរណាម្នាក់ចោល។

អំណោយដែលចែកជូននាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ ឃីត១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកាមួយចំនួន។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលនិងចែកអំណោយរួចមក លោក យូ ឡាណា អគ្គលេខាធិការរងទី២ និងថ្នាក់ដឹកនាំ ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ ខ្នងផ្ទះចំនួន១០គ្រួសារផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោក យូ ឡាណា និងលោកស្រី ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមប្រតិបត្តិសាខា បានអញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកអំណោយជូនគ្រួសាររងគ្រោះ ដោយសាររន្ទះបាញ់ (ស្លាប់) មួយគ្រួសារ កាលពីថ្ងៃទី១២ ខែមេសាឆ្នាំ២០២៥ នៅឃុំជាំក្សាន្ត ខេត្តព្រះវិហារ។ ដោយគ្រួសារសពទទួលបាន អង្ករ ១២០គីឡូក្រាម មី ៤កេស ត្រីខ ៤០កំប៉ុង ទឹកស៊ីអ៊ីវ៤យួរ និងថវិកា ២លានរៀល ព្រមទាំងថវិការបស់សាខាចំនួន ២០០ដុល្លារអាម៉េរិក៕