(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង អំពាវនាវពុទ្ធបរិស័ទ និងពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបន្តវប្បធម៌សាមគ្គី និងចែករំលែកដើម្បីពុទ្ធចក្រ និងអាណាចក្ររីកចម្រើនជាមួយគ្នា។
លោក សាយ គឹមឡម បានថ្លែងក្នុងពិធីកាត់តែខ្សែបូរសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានានៅក្នុងវត្តគិរីវង្សារាម ហៅវត្តទំពេជ ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។
លោកបន្ថែមថា ដោយកត្តាសុខសន្តិភាព និងប្រទេសជាតិកំពុងអភិវឌ្ឍន៍ជឿនលឿនខ្លាំង ការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបយើងមានឱកាសធ្វើបុណ្យទានជុំគ្នា ជាពិសេសការសន្សំនូវបុញ្ញនិធិ សម្រាប់ទាំងជាតិនេះនិងអនាគតជាតិ និងបានថ្លែងអំណរព្រះគុណនិងអរគុណជាអនេកកប្បការដល់ព្រះគ្រូចៅអធិការ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ ដែលតែងតែរួបរួមសហការនិងបរិច្ចាគបច្ច័យធនធានសព្វបែបយ៉ាងក្នុងការចូលរួមអភិវឌ្ឍន៍វត្តទំពេជ និងលើកកម្ពស់ពុទ្ធសាសនាឱ្យបានរុងរឿងតរៀងទៅ។
លោកបានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតដល់ព្រះគ្រូ នាគ សត្ថាសុខុមោល នី សុវណ្ណ មុន្នីរ៉េត ដែលតែងតែឧបត្ថម្ភគាំទ្រនិងជ្រោមជ្រែងពុទ្ធសាសនា ជាពិសេសចូលរួមអភិវឌ្ឍន៍វត្តអារាមនានានិងបាននិមន្ត ជាព្រះអធិបតីភាពក្នុងពិធីកាត់ខ្សែបូរក្នុងពិធីដ៏វិសេសវិសាលនេះ។
ជាមួយនេះ ព្រះអង្គគ្រូ នីសុវណ្ណ មុន្នីរ៉េត បានមានសង្ឃដីការណែនាំដល់ពុទ្ធបរិស័ទ ជិតឆ្ងាយត្រូវខិតខំ សិក្សាស្វែងយល់ពីព្រះពុទ្ធសាសនានិងអប់រំទូន្មានប្រៀនប្រដៅកូនចៅឱ្យខិតខំសិក្សារៀនសូត្រឱ្យអស់ពីលទ្ធភាព ដោយព្រហ្មវិហារធម៌ជាពិសេសដើម្បី អនាគតបុត្រធីតារបស់ខ្លួនឱ្យបានភ្លឺស្វាងនិងក្លាយជាទំពាំងស្នងឬស្សីហើយជាអ្នកទ្រទ្រង់ពុទ្ធសាសនាប្រកបដោយការឈ្លាសវៃនិងជ្រះថ្លា។
ក្នុងឱកាសនោះ លោក សាយ គឹមឡម និងសហការី បានចូលរួមបុណ្យនូវបច្ច័យ ៧៨៥,០០០រៀល ហើយ ព្រះគ្រូនី សុវណ្ណ មុន្នីរ៉េត បានចូលបុណ្យនូវបច្ច័យចំនួន២លានរៀល ជូនក្រុមភ្លេងពិណពាទ្យ១០ ម៉ឺនរៀល អ្នកកាន់ខ្សែបូរ ១០ម៉ឺនរៀល លោកគ្រូអ្នកគ្រូ១០ម៉ឺនរៀលប្រជាការពារ ១១ម៉ឺនរៀល សិក្សានុសិស្សចំនួន២២០ នាក់ក្នុងម្នាក់ៗទទួលបាននូវសៀវភៅ១ក្បាល ប៊ិច១ដើម ខ្មៅដៃ១ដើម និងថវិកា១ពាន់រៀល៕